(បន្ទាយមានជ័យ)៖ ផលិតផលសត្វ និងប្រហិតចម្រុះ សរុបជាង៨តោន ដែលខូចគុណភាព និងនាំចូលគ្មានច្បាប់អនុញ្ញាត ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដកហូតនៅទីតាំងចំនួន៤ផ្សេងគ្នា ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា ការចុះដកហូតផលិតផលសត្វ ជាង៨តោននេះ មានការចូលរួមពីក្រុមអន្តរាគមន៍ បង្រ្កាបបទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ សហការជាមួយក្រុមបង្រ្កាបបទល្មើស ចលនាសត្វ និងផលិតផលពីសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម ក្រោមការសម្របសម្រួលពីលោក លឹម ប៊ុន សុភ័ក្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។

ក្នុងនោះសមត្ថកិច្ចបានត្រួតពិនិត្យ និងដកហូតនូវផលិតផលសត្វ សរុបទម្ងន់៨,៥២០គីឡូក្រាម ក្នុងនោះ សាច់មាន់ ៨៣០គីឡូក្រាម, ផលិតផលប្រហិតចម្រុះ ចំនួន៧,៦៩០គីឡូក្រាម នៅចំណុចបន្ទប់ជួល ចំនួន៤កន្លែង ខាងជើងផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោក ហ៊ុយ ទូច បានបញ្ជាក់ថា ម្ចាស់ទីតាំងទាំង៤កន្លែងនោះ រួមមាន ទី១៖ឈ្មោះ យឿង ស្រីណែត ហៅយី មានសាច់ មាន់ និងប្រហិតចម្រុះ សរុបទម្ងន់១,១៥០គីឡូក្រាម, ទី២៖ឈ្មោះ ឆាយ រដ្ឋា ភេទស្រី សរុបមានទម្ងន់៣,៦០០គីឡូក្រាម, ទី៣៖ឈ្មោះ គ្រុប ចិន ភេទស្រី ប្រហិតចម្រុះ១,០៧០គីឡូក្រាម និងទី៤៖ឈ្មោះ ផាន ធី ភេទស្រី ប្រហិតចម្រុះទម្ងន់២,៧០០គីឡូក្រាម។

ក្រុមការងារបានធ្វើការពិនិត្យ និងវាយតម្លៃ ជាក់ស្ដែងទំនិញផលិតផលសត្វនោះ ដូចជា សាច់សត្វមាន់ទាំងអស់ មានចំនួន៨៣០គីឡូក្រាម ក្នុងនោះមាន សាច់, ភ្លៅ, ស្លាប, ជើង, គល់ស្លាប់, ឆ្អឹងសាច់ ទ្រូងមាន់ និងកោះ ត្រូវបានច្រកថងដាក់ក្នុងធុងក្លាសេ ចំនួន៣ធុង និងប្រហិតចម្រុះ ចំនួន៧,៦៩០គីឡូក្រាម មានប្រហិតច្រកថង់ដាក់ក្នុង ធុងក្លាស្សេ ចំនួន២៨ធុង ដោយបាននាំចូលមកពីប្រទេសថៃ តែពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វ ពីប្រទេសនាំចេញនោះឡើយ។

លោក ហ៊ុយ ទូច បានបន្ថែមថា ក្រុមការងារសមត្ថកិច្ចបានពិនិត្យឃើញថា ផលិតផល មានដើមកំណើតពីសត្វ សាច់សត្វមាន់ និងប្រហិតទាំងអស់នោះ ខូចគុណភាព ដោយសារមិនបានរក្សាទុកឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទស ក្នុងសីតុណ្ហភាព មិនដល់១៥អង្សាសេ និងកន្លែងស្តុកទុក ពុំមានអនាម័យ សភាពសាច់ និងប្រហិត មានប្រែពណ៌ខុសលក្ខណៈទ្រង់ទ្រាយដើម។

ផលិតផលពីសត្វ សាច់សត្វនោះ ក្រុមការងារបានឯកភាពគ្នា ធ្វើការដកហូតយកទៅដុតកម្ទេចចោល តាមវិធានបសុពេទ្យ នៅទីវាលដីឡូតិ៍១កន្លែង ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕