(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ទោះបីជាមានការរីកចម្រើនយ៉ាងខ្លាំងក៏ដោយ កម្ពុជានៅតែប្រឈមមុខនឹងបញ្ហាប្រឈម។ ទោះបីជាមានការបោសសម្អាតផ្ទៃដីមានមីនជាង ២,៥៧៩គីឡូម៉ែត្រក្រឡា ក៏ផ្ទៃដីសង្ស័យមានមីននៅសល់ចំនួន ៥៦៣ គីឡូម៉ែត្រក្រឡា នៅតែត្រូវការបោសសម្អាត ដើម្បីឈានទៅដល់គោលដៅនៃប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។

ការលើកឡើងរបស់ទេសរដ្ឋមន្រ្តី លី ធុជ បានធ្វើឡើងពេលលោកក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ជួបជាមួយលោក Datuk Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីចុះអនុស្សរណៈការយោគ យល់គ្នារវាងធានាគារវីង (ខេមបូឌា)ម.ក, ក្រុមហ៊ុន Virtus Media និងសភាពាណិជ្ជកម្មម៉ាឡេស៊ីនៃកម្ពុជា (MBCC) ដើម្បីកម្ពុជាគ្មានគ្រាប់មីន ដែលប្រព្រឹត្តិទៅនៅទីស្នាក់កណ្តាលធានាគារវីង (ខេមបូឌា)។

អនុស្សរណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយលោក Han Peng Kwang នាយកប្រតិបត្តិនៃធនាគារ Wing, លោកឧកញ៉ា Tan Khee Meng ប្រធាន MBCC, លោក Mohan Bandam និពន្ធនាយកនៃ Virtus Media (Khmer Times) និងលោក លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន។

អនុស្សរណៈយោគយល់នេះ បានធ្វើឡើងក្នុងគោលបំណងរៃអង្គាសថវិកា និងជំរុញកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេសឆ្ពោះទៅរកការបោសសម្អាតមីននៅកម្ពុជា ដែលជាបញ្ហាសំខាន់សម្រាប់ប្រជាពលរដ្ឋ សេដ្ឋកិច្ច និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត ភាពជាអ្នកដឹកនាំ និងចក្ខុវិស័យខ្ពស់របស់ សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាមីន និងបានបោះជំហានយ៉ាងសំខាន់ ឆ្ពោះទៅរកប្រទេសកម្ពុជាដែលមានសុវត្ថិភាពជាងមុន។ ក្រោមការតស៊ូមតិ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ពីវឌ្ឍនភាពក្នុងការកាត់បន្ថយជនរងគ្រោះដោយសារគ្រាប់មីន បង្កើនលទ្ធភាពទទួលបានដីសម្រាប់កសិកម្ម សកម្មភាពសេដ្ឋកិច្ច និងការទាក់ទាញការគាំទ្រពីអន្តរជាតិ។ នេះអាចកើតឡើងដោយសារតែការប្តេជ្ញាចិត្តមិនងាករេរបស់សម្តេចតេជោ ក្នុងការលើកកម្ពស់ភាព ជាម្ចាស់នៃការងារសកម្មភាពមីន និងផ្តល់អាទិភាពដល់ការបោសសម្អាតតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។

ទេសរដ្ឋមន្ត្រី បានបន្តថា តាមរយៈគំនិតផ្តួចផ្តើមដូចជាគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន និងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកម្ពុជាគ្មានមីនឆ្នាំ២០២៥ សហគមន៍ដែលរងផលប៉ះពាល់ដោយសារមីនជាច្រើនត្រូវបានបោសសម្អាត ដើម្បីចូលរួមធានាដល់សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងសហគមន៍។

ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា «សមិទ្ធផលសកម្មភាពមីននេះ មិនមែនគ្រាន់តែជាសក្ខីភាពបញ្ជាក់ពីការលះបង់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី របស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីភាពរឹងមាំ និងការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិ និងដៃគូវិស័យឯកជនរបស់យើងផងដែរ ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីននៅឆ្នាំ២០២៥»

បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា ទោះបីជាមានការរីកចម្រើនយ៉ាងខ្លាំងក៏ដោយ កម្ពុជានៅតែប្រឈមមុខនឹងបញ្ហាប្រឈម។ ទោះបីជាមានការបោសសម្អាតផ្ទៃដីមានមីនជាង ២,៥៧៩គីឡូម៉ែត្រក្រឡា ក៏ផ្ទៃដីសង្ស័យមានមីននៅសល់ចំនួន ៥៦៣ គីឡូម៉ែត្រក្រឡា នៅតែត្រូវការបោសសម្អាត ដើម្បីឈានទៅដល់គោលដៅនៃប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានទទួលស្គាល់ការគាំទ្រ ភាពជាដៃគូ និងថ្លែងអំណារគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារវីង អង្គភាព Khmer Times និង MBCC សម្រាប់ការចូលរួមប្រកបដោយទឹកចិត្តសប្បុរសដល់កិច្ចការសង្គមតាមរយៈការងារបោសសម្អាតមីន។ សន្តានចិត្តមនុស្សធម៌នេះ នឹងចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន ដែលធ្វើឱ្យមានការផ្លាស់ប្តូរជាក់ស្តែងក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមមូលដ្ឋាន និងបង្កើតអនាគតមួយដែលប្រជាជនយើងអាចរស់នៅដោយសេរីពីការភ័យខ្លាចដោយសារគ្រាប់មីន៕