(ភ្នំពេញ)៖ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំពាវនាវដល់មហាជនឲ្យយកចិត្តទុកដាក់ខ្ពស់ និងជួយផ្តល់ជាការឧបត្ថម្ភធនធាន ដល់ជនមានពិការភាពផ្នែកស្មារតី។

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ អំពាវនាវបែបនេះពេលចុះសំណេះសំណាលសួរសុខទុក្ខ និងរៀបអាហារសាមគ្គី នៅមជ្ឈមណ្ឌលសំចតភ្នំពេញ (ព្រៃស្ពៅ) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

បើតាមលោកស្រី ឡងឌី សាន់ណារ៉ា ជនមានពិការភាពផ្នែកស្មារតី ទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ខណៈពួកគាត់ទាំងឡាយគ្មានទីពឹងអ្វីឡើយ បើមិនត្រូវបានទទួលការថែទាំឲ្យបានដិតដល់។ លោកស្រីបន្តថា បើគ្មានការថែទាំទេ ពួកគាត់នឹងត្រូវរស់នៅតាមទីសាធារណៈពាសវាលពាសកាល ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម មិនខានឡើយ។

លោកស្រី ឡងឌី សាន់ណារ៉ា បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ និងជួយដល់ប្រជាពលរដ្ឋគ្រប់រូប មិនទុកឲ្យនរណាម្នាក់ចោលឡើយ។ ហេតុនេះហើយ ប្រជាពលរដ្ឋទាំងអស់គួរតែរៀនយកគំរូពីសម្តេចទាំងទ្វេ ដើម្បីរួមចំណែកជួយកសាង និងអភិវឌ្ឍប្រទេសទាំងអស់គ្នា។

ជាមួយគ្នានេះ បើតាមលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងដែរថា នៅមជ្ឈមណ្ឌលសំចតភ្នំពេញ (ព្រៃស្ពៅ) មានជនរងគ្រោះសព្វថ្ងៃ ចំនួន ១៤៥នាក់ ក្នុងនោះ អ្នកមានបញ្ហាផ្លូវចិត្តដែលបាននិងកំពុងព្យាបាល និងលេបថ្នាំជាប្រចាំ មានចំនួន ៧៨នាក់។ លោកស្រី បន្តថា ពួកគាត់ ទទួលបានការថែទាំ ២៤ម៉ោងលើ២៤ម៉ោង ខណៈមាន ៣ក្រុមរង់ចាំផ្លាស់ប្តូរគ្នាមើលថែពួកគាត់ មិនឲ្យដាច់ឡើយ៕