(ព្រៃវែង)៖ លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងលោក អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន និងលោក មុិល គារី មេឃុំកោះចេក នៅព្រឹកថ្ងៃទិ១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានទទួលអំណោយជាកូនឈើក្រញូង ធ្នង់ និងដូងក្រអូប ១៥,០០ដើម ជាអំណោយរបស់ព្រះគ្រូចៅអធិការវត្តគ្រើល ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ប្រគេនដល់ ព្រះគ្រូចៅអធិការវត្តកោះពាមរាំង ស្ថិតក្នុងឃុំកោះចេក ស្រុកពាមជរ និងត្រូវបានព្រះគ្រូចៅអធិការ វត្តកោះពាមរាំង ចែកជូនពលរដ្ឋនៅក្នុងភូមិកោះពាមរាំង យកទៅដាំបន្ត ដើម្បីជាប្រយោជន៍ទាំងពុទ្ធចក្រ និងអាណាចក្រ។

ភូមិកោះពាមរាំង គឺជាដីកោះមួយស្ថិតនៅក្នុងឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ដែលភូមិនេះដាច់ស្រយាលពីទីប្រជុំជនហ៊ុំព័ទ្ធដោយផ្ទៃទន្លេ មានប្រជាជនរស់នៅប្រមាណជិត ១ពាន់នាក់ ប្រជាពលរដ្ឋប្រកបរបរកសិកម្ម ដាំពោត សណ្តែក ចិញ្ចឹមសត្វ និងនេសាទត្រី។

លោក អៀង សុធារ៉ា បានថ្លែងថា លោកបានមកស្គាល់កោះពាមរាំង ឆ្នាំ២០១៨ ហើយបានមើលឃើញកោះនេះល្អ អាចអភិវឌ្ឍឱ្យក្លាយទៅជាកន្លែងកសិកម្ម និងកសិទេសចរណ៍។ ទន្ទឹមនឹងការបង្កើតឱ្យមានតំបន់នេះ ទៅជាតំបន់កសិកម្ម និងទេសចរបាន ការពិតណាស់ត្រូវផ្តល់ការអប់រំបន្ថែមដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីគោលបំណងរបស់យើងក្នុងការអភិវឌ្ឍផងដែរ។

លោកបានបន្តថា បន្ទាប់ពីមានការចាប់អារម្មណ៍អភិវឌ្ឍន៍ ចំពោះទីតាំងភូមិកោះពាមរាំង ជំហានដំបូងបានបានធ្វើផ្លូវជុំវិញកោះ ផ្លូវកំពង់ដរ ធ្វើទ្វារទឹកកុំឱ្យទឹកលិចពោត សណ្តែក ពេលខែទឹកឡើង រួមនិងសំលៀកបំពាក់សិស្ស ២៥០កំផ្លេ រួមនឹងឧបករណ៍ក្មេងលេង ផ្ដល់សំលៀកបំពាក់ក្រុមប្រឹក្សាឃុំ និងតាអាចារ្យ២៥កំផ្លេរ ព្រមទាំងផ្ដល់ទឹកស្អាត តាមរយៈស្ថានទូតជប៉ុន និងបាននាំក្រុមគ្រូពេទ្យជប៉ុនមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ ផ្តល់បច្ចេកទេសក្នុងការដាំបន្លែសរីរាង្គ និងជួយទិញបន្លែរបស់ពលរដ្ឋយកទៅលក់បន្ត ធ្វើឱ្យមានប្រាក់ចំណូលដល់ប្រជាពលរដ្ឋផងដែរ។

លោកបានបន្ថែមថា នៅថ្ងៃនេះបាននាំកូនឈើប្រភេទដើមកញ្ញូង ធ្នង់ និងដូងក្រអូបប្រមាណ ១,៥០០ដើម ដែលជាអំណោយរបស់ព្រះគ្រូចៅអធិការវត្តគ្រឿល នៅស្រុកកំពង់ត្របែក មកប្រគេនជូនព្រះគ្រូចៅអធិការវត្តកោះពាមរាំង ហើយព្រះគ្រូចៅអធិការបានចែកបន្តដល់ប្រជាពលរដ្ឋដាំដើម្បីគេឱ្យស្គាល់ប្រភេទឈើប្រណិតផងដែរ។

លោក អៀង សុធារ៉ា ក៏បានជំរុញដល់ប្រជាពលរដ្ឋរួមគ្នាដាំដើមឈើឱ្យបានច្រើននៅក្នុងសហគមន៍ ព្រោះដើមឈើពិតជាមានសារៈសំខាន់ណាស់ដូចជាទាក់ទាញនូវទឹកភ្លៀង ស្រូបយកឧស្ម័នកាបូនិច និងបញ្ចេញអុកស៊ីសែន នៅក្នុងបរិយាកាសហើយក៏ជាជម្រកសម្រាប់មនុស្ស សត្វទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជារបាំងការពារខ្យល់ព្យុះភ្លៀង និងគ្រោះធម្មជាតិផ្សេងៗផងដែរ។

លោកបានបញ្ជាក់ថា កម្លាំងសាមគ្គីជាធ្លុងមួយមានអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ក្រុមហ៊ុំនឯកជន ព្រមទាំងជួយជ្រោមជ្រែងពីលោកបណ្ឌិតសេដ្ឋកិច្ច ក្នុងការរួមដៃគ្នាកសាងអភិវឌ្ឍន៍មូលដ្ឋានភូមិកោះពាមរាំង ឱ្យក្លាយទៅជាកោះលែងឯកោ មានការអភិវឌ្ឍទាំងវិស័យកសិកម្ម និងវិស័យទេសចរណ៍ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋឱ្យមានជីវភាពធូធារជាក់ជាមិនខានឡើយ។

បន្ថែមលើសពីនេះ លោកបណ្ឌិត ម៉ី កល្យាណ ជំរុញដល់ពលរដ្ឋនៅមូលដ្ឋានភូមិកោះពាមរាំង ឱ្យនាំគ្នាចិញ្ចឹមដង្កូវមួយប្រភេទដែលជាពូជនាំមកពីប្រទេសជប៉ុន ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ដោយសារមិនចាំបាច់សម្លាប់ដង្កូវ យកសូត្រ ជារួមសង្កូវមួយប្រភេទនេះ គឺអាចផលិតសូត្របានចេញមកដូចសំឡី ហើយវាសុីស្លឹកដំឡូងមី។ ចំពោះដង្កូវនាងវិញវាស៊ីស្លឹកមន ហើយត្រូវសម្លាប់វាទើបបានសូត្រ ដូច្នេះ បើប្រជាពលរដ្ឋចិញ្ចឹមដង្កូវមួយប្រភេទដែលនាំពីប្រទេសជប៉ុននេះ គឺគ្រាន់តែដាំដំឡូងមីឱ្យវាសុីស្លឹក ហើយយកពូជដង្កូវនេះមកចិញ្ចឹមជាការស្រេច ចំពោះបច្ចេកទេសវិញ គឺក្រុមការងារនិងបញ្ជូនមកបង្រៀនអំពីរបៀបចិញ្ចឹម ទីផ្សារសូត្រ គឺមានក្រុមហ៊ុនគេមកទិញដល់ទីកន្លែងតែម្ដង ឱ្យតែយើងចិញ្ចឹមដង្កូវនេះតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ។

បើតាមលោកបណ្ឌិត មុី កល្យាណ បានបញ្ជាក់ថា ចំពោះទីផ្សារសូត្រនៅកម្ពុជា គឺនៅតែនាំចូលសូត្រឆៅពីក្រៅប្រទេសជាច្រើនតោនក្នុងមួយៗឆ្នាំ ដើម្បីផលិតទៅជាផលិតផលសិប្បកម្មសម្រាប់នាំចេញទៅកាន់ទីផ្សារធំៗ នៅក្រៅប្រទេសវិញផងដែរ ដូច្នេះប្រជាពលរដ្ឋត្រូវតែចូលរួមចិញ្ចឹមដង្កូវសូត្រឱ្យបានច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេសយើង។

ចំពោះការលើកឡើងរបស់លោកបណ្ឌិត មុីក ល្យាណ ឱ្យប្រជាពលរដ្ឋនៅភូមិកោះពាមរាំង ចិញ្ចឹមដង្កូវយកសូត្រនេះ ប្រជាពលរដ្ឋបានឯកភាព និងទទួលយកការលើកឡើងរបស់លោកបណ្ឌិត និងចូលរួមសហការជាមួយក្រុមការងាររបស់លោកបណ្ឌិត ដើម្បីធ្វើការចិញ្ចឹមដង្កូវនេះផងដែរ។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះលោកបណ្ឌិត ម៉ីក ល្យាណនិ ងលោក អៀង សុធារ៉ា ក៏បាននាំមកនូវក្តារពាក្យស្លោកខ្លឹមសារល្អៗចំនួន១០ក្តា ដែលមានទទឹង២តឹកកន្លះ បណ្តោយ១ម៉ែត្រ ប្រគេនព្រះគ្រូចៅអធិការវត្តកោះពាមរាំង សាលាឃុំកោះចេក និងតាមផ្ទះពលរដ្ឋផងដែរ៕