(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្ដជួបសំណេះសំណាលជាមួយមន្រ្ដីរាជការ កង

កម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុបវេល ចំនួន២,៤៨០រូប និងអញ្ជើញមកពីស្រុកថ្មគោល ចំនួន២៨៥រូប សរុបចំនួន២,៧៦៥រូប។

ថ្លែងក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់អំពីគុណបំណាច់ដ៏ធំធេង នៃការរួមចំណែករបស់និវត្តន៍ជន និងអតីតយុទ្ធជនទាំងអស់ ក្នុងស្រុកបរវេល ដែលបានតស៊ូធ្វើពលិកម្មគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ការបង្រួបបង្រួម និងការអភិវឌ្ឍលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្តនូវការចូលរួមចំណែករបស់អតីតថ្នាក់ដឹកនាំ អតីតមន្រ្តីរាជការ និងអតីតកងកម្លាំងប្រដាប់វុធទាំងអស់ ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឲ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយៗទៀត។

សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់ទស្សនាទានជូនអង្គពិធីបញ្ហាប្រឈមលើពិភពលោកដែលតិច ឬច្រើនបានជះឥទ្ធិពលមកលើប្រទេសកម្ពុជា ក្នុងនោះរួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងលោកខាងលិច និងខាងកើត សង្គ្រាមរវាងរុស្សុី និងអ៊ុយក្រែន វិបត្តិថាមពល និងស្បៀងអាហារ បញ្ហាសង្គ្រាមស៊ីវិលនៅប្រទេសស៊ូដង់ និងការប្រែលប្រួលអាកាសធាតុកាន់តែអាក្រក់ បន្ថែមលើបន្ទុកបញ្ហាបណ្ដាលមកពីជំងឺកូវីដ១៩ ដែលពិភពលោកមិនទាន់ដោះស្រាយចប់នៅឡើយ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជា់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងស្រុកបវេល និងស្រុកថ្មគោល ខេត្តបាត់ដំបង ធ្វើឲ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ផ្អែកលើមូលដ្ឋាននៃការរក្សាបានសុខសន្តិភាព ដែលជាកត្តាគន្លឹះធំបំផុតនេះ សម្ដេចបានលើកឡើងអំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាព ចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។

សម្ដេចក៏បានគូសបញ្ជាក់បន្ថែមអំពីទិសដៅរបស់រាជរដ្ឋាភិបាល សម្រាប់ឆ្នាំ២០២៣ និងរយៈពេល៥ឆ្នាំបន្តទៀត ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា។ សម្ដេច បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោត តាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ខាងមុខនេះ ដែលគ្រប់តួអង្គត្រូវតែបន្តរួមគ្នាធ្វើឲ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ។

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកបរវេលនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយ ជូនអតីតមន្រ្តីរាជការ អតីតកងកម្លាំងប្រដាប់អាវុធដែលមានស្នាដៃឆ្នើម ក្នុងការចូលរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន និងមន្រ្តីមានស្នាដៃខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងប្រគល់ជូនថវិកាដល់ មន្រ្តីរាជការនិវត្តន៍ជន អតីតយុទ្ធ ជានិមិត្តរូបមួយចំនួនផងដែរ៕