(កំពង់ចាម)៖ ពិតជាគួរឱ្យស្ញប់ស្ញែងណាស់ កម្មការិនីម្នាក់នៅស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បើទោះបីខ្លួនជាស្ត្រីមេម៉ាយ និងមានជីវភាពខ្វះខាត តែមានឆន្ទៈ​មុះមុតមិនរួញរានឹងការលំបាកទាំងឡាយ ប្តេជ្ញាតស៊ូផ្គត់ផ្គង់កូនៗឱ្យរៀន​បាន​ខ្ពស់ ដើម្បី​ឆ្ពោះទៅរកអនាគតល្អ និងប្រសើរជាងខ្លួន។

អ្នកស្រី លន់ ធីតា រស់នៅក្នុងភូមិតាកែវ ឃុំគ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បាននិង​កំពុង​បំពេញការងារនៅក្នុងរោងចក្រដេរស្បែកជើងមួយកន្លែងក្នុងស្រុកជើងព្រៃ។ អ្នក​ស្រី មានកូនប្រុសពីរនាក់ ដែលកូនប្រុសម្នាក់អាយុប្រមាណ ១៣ឆ្នាំ និងម្នាក់ទៀត អាយុ​ជាង ៨ឆ្នាំ។

កាលពីជាង៨ឆ្នាំមុន អ្នកស្រី លន់ ធីតា បម្រើការងារនៅរោងចក្រក្នុងរាជធានីភ្នំពេញ ជាមួយស្វាមី។ ពេលមានកំណើតកូនទី២ អ្នកស្រីបានត្រឡប់ទៅនៅផ្ទះ ស្រាប់តែស្វាមី មានប្រពន្ធថ្មី បោះបង់អ្នកស្រីចោលតែម្តង។

អ្នកស្រី បានរំលឹកថា នៅពេលនោះជាពេលលំបាកជាទីបំផុត។ ជាស្ត្រីមេម៉ាយ មាន​កូន​​ខ្ចី ហើយត្រូវចិញ្ចឹមម្តាយចាស់នៅក្នុងផ្ទះថែមទៀត។ តែអ្នកស្រី បានជម្នះការ​លំបាក​​​គ្រប់បែបយ៉ាងដើម្បីជីវិត។

បច្ចុប្បន្នកូនប្រុសទី១របស់អ្នកស្រី បាននិងកំពុងរៀនថ្នាក់ទី៨ ហើយកូនប្រុសទី២ រៀន​ថ្នាក់ទី២។ អ្នកស្រី បានគូសបញ្ជាក់ថា អ្នកស្រីមិនត្រឹមតែចិញ្ចឹមកូន​ប្រុស​ដល់​ទៅ​ពីរ​នាក់ប៉ុណ្ណោះទេ ថែមទាំងចិញ្ចឹមម្តាយចាស់ថែមទៀតផង។

ការងារជាកម្មការិនីអ្នកស្រី លន់ ធីតា អាចរកបានប្រាក់ឈ្នួលចន្លោះពីជាង ២០០​ដុល្លារ ទៅ៣០០ដុល្លារប៉ុណ្ណោះ។ ជាស្ត្រីមេម៉ាយចិញ្ចឹមកូន និងម្តាយផង ចំណូលពី​ការ​ងារចន្លោះពីជាង ២០០ដុល្លារ ទៅ ៣០០ដុល្លារនេះ ធ្វើឱ្យជីវភាពប្រចាំថ្ងៃរបស់អ្នក ស្រីជួបការលំបាកច្រើន។

បើទោះបីក្នុងជីវភាពមានការលំបាកយ៉ាងណា អ្នកស្រី លន់ ធីតា មានការតាំងចិត្តខ្ពស់​ឱ្យកូនប្រុសរបស់ខ្លួន​ទាំងពីរសិក្សារៀនសូត្របានខ្ពស់។ អ្នកស្រី លន់ ធីតា មានការ​យល់​​ឃើញថា មានតែការសិក្សារៀនសូត្រ មានតែចំណេះវិជ្ជាប៉ុណ្ណោះ ដែលអាចជួយ​ឱ្យកូនអ្នកស្រីមានអនាគតមួយល្អប្រសើរ និងចៀសផុតពីស្ថានភាពលំបាកដូចអ្នកស្រី​នាពេល​បច្ចុប្បន្ន។

អ្នកស្រី ក៏បានប្រាប់ Fresh News ផងដែរថា រាល់ថ្ងៃនេះ ទោះបីមានការនឿយនឹង​ការងារនៅកន្លែងធ្វើការ និងការងារនៅផ្ទះយ៉ាងណាក៏ដោយ ក៏អ្នកស្រីឆ្លៀតតាមដាន​ការ​សិក្សាកូន និងតែងតែអប់រំកូនបន្ថែមឱ្យប្រឹងប្រែងសិក្សារៀនសូត្រ៕