(ភ្នំពេញ)៖ លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងថា កិច្ចព្រមព្រៀងអាសិបជាកិច្ចព្រៀងទី២ បន្ទាប់ពីកិច្ចព្រមព្រៀង WTO (World Trade Organization)។ លោកបានសន្និដ្ឋានថា ១០ឆ្នាំទៅមុខទៀត សេដ្ឋកិច្ចកម្ពុជា នឹងរំពឹងផ្អែក​ខ្លាំងទៅលើកិច្ចព្រមព្រៀងអាសិបនេះ។

ការលើកឡើងបែបនេះរបស់លោក សុក ស៉ីផាន់ណា បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលអញ្ជើញជាអធិបតិភាពបាឋកថា ស្តីពី «ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទស្សនវិស័យភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច» នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះដែរ លោក សុក ស៉ីផាន់ណា ក៏បានជំរុញ និងលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយអំពី​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដល់ពាណិជ្ជករ ឬអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីស្វែង​យល់​បន្ថែមឱ្យកាន់ស៊ីជ្រៅពីអត្ថប្រយោជន៍ ផលចំណេញពាណិជ្ជកម្មទៅលើកិច្ចព្រមព្រៀងនេះ។

លោក សុក ស៉ីផាន់ណា ក៏បានឱ្យដឹងថា កិច្ចព្រមព្រៀងអាសិប គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន​ ១៥ប្រទេសរួមមាន៖ ប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ ដូចជា៖ ប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។​ កិច្ចព្រមព្រៀងនេះ ជាគំនិតផ្ដួចផ្ដើមរបស់អាស៊ាន និងត្រូវបានប្រកាសឱ្យចាប់ផ្ដើមការចរចាក្នុងឆ្នាំ២០១២មកម្លេះ ក្រោយបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

បើតាមលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា កិច្ចព្រមព្រៀមអាសិប គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា។ ពីព្រោះកម្ពុជា ជាប្រទេសក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

លោកបណ្ឌិត យង់ ពៅ ក៏បានក្រើនរំលឹកថា ត្រូវឱ្យឈ្វែងយល់ឱ្យបានច្បាស់លាស់អំពីកិច្ចការអន្តរជាតិ ដើម្បីសម្របខ្លួនរៀបចំគោលនយោបាយឱ្យត្រូវនឹងសម័យកាល ដូច្នេះ ប្រសិនបើមិនយល់ពីនយោបាយក្នុងតំបន់ និងពិភពលោកនោះនឹងធ្វើឱ្យយើងពិបាកធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានាជាដើម។

​យោងតាមក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀងនេះ គ្របណ្តប់ប្រជាជនប្រមាណ ២.២ពាន់លាននាក់ នៃចំនួន​ប្រជាជនពិភពលោក ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ទ្រីលានដុល្លារអាមេរិក នៃផលិតផលក្នុង​ស្រុកសរុបរបស់ពិភពលោក និងទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល គិតត្រឹមឆ្នាំ២០២១។

ផ្អែកតាមលទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បាន​បង្ហាញថា កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញចំនួន ៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផល ក្នុងស្រុកសរុបចំនួនប្រមាណ ២%។

កម្ពុជា ទទួលបានភាពអនុគ្រោះពន្ធពីកិច្ចព្រមព្រៀងនេះលើទំនិញសំខាន់ៗជាច្រើន មានដូចជា៖ ទំនិញកសិកម្ម រួមមាន៖ គ្រាប់ស្វាយចន្ទី, ពោត, ដូង, ស្វាយស្រស់, ចេក, ដំលូងជ្វា, ទឹកឃ្មុំ, ម្សៅ រមៀត, ក្រូច, ល្ហុង, ផ្លែផាសិន, ខ្ទឹម, ត្របែក, ស្រកានាគ, ទុរេន។ទំនិញកសិកម្មកែច្នៃ រួមមាន៖ គុយទាវ, នំក្រៀម, សំបុកត្រចៀកកាំ, ទំនិញកែច្នៃពីត្រី, ម្សៅដំឡូង មី, ទំនិញកែច្នៃពីដូង, ប្រេងសណ្តែកដី, សាច់ក្រក, ទឹកម្ទេស, ដំណាប់ចេក, ដំណាប់ស្វាយ, ដំណាប់ទុរេន, មីកញ្ចប់។

ដោយឡែកទំនិញក្នុងវិស័យឧស្សាហកម្មរួមមាន៖ កង់, សំលៀកបំពាក់, ស្បែកជើង, គ្រឿងបង្គុំអេឡិចត្រូនិក, ខ្សែកាប អេឡិចត្រូនិកអគ្គិសនី, គ្រឿងសង្ហារឹម, ស្ករស, ស្ករអំពៅ, កាបូបយួរដៃ, វ៉ាលី, ខ្សែភ្លើង, សម្ភារកីឡា, ជ័រកែច្នៃ, សំបកថ្នាំពេទ្យ, ជ័រកៅស៊ូធម្មជាតិរាវ, កៅស៊ូក្នុងទម្រង់បន្ទះ, កៅស៊ូឡាតិច, ក្រណាត់ ក្រាល និងកំទេចឈើកែច្នៃ ជាដើម៕