(កោះកុង)៖ លោក ឥត សារ៉ាត់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកគីរីសាគរខេត្តកោះកុង បានអំពាវនាវឱ្យសមាជិក សមាជិកា របស់គណបក្សប្រជាជនទាំងអស់ ក៏ដូចជាគណបក្សដទៃ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា និងសូមឱ្យគណបក្សប្រជាជន មានការរាប់អានគណបក្សដទៃដូចប្រជាជនទាំងមូលដែរ។ មានតែគណបក្សប្រជាជនទេ ដែលអាចការពារបាននូវសន្តិភាព ហើយប្រទេសជាតិមានសុខសន្តិភាព ក៏ដោយសារគណបក្សប្រជាជន មានគណបក្សប្រជាជន ទើបមានសន្តិភាព។

ការអំពាវនាវបែបនេះ របស់លោក ឥត សារ៉ាត់ បានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលលោកបានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូន ក្រុមការងារ និងប្រជាពលរដ្ឋ ដែលជាសមាជិកសមាជិការបក្ស ក្នុងស្រុកគីរីសាគរ ខេត្តកោះកុង។

លោក ឥត សារ៉ាត់ បញ្ជាក់ច្បាស់ថា «គណបក្សប្រជាជនកម្ពុជា គឺជាអ្នករកបានសន្តិភាព, ការពារសន្តិភាព និងជាក្តីសង្ឃឹមតែមួយគត់របស់ប្រជាជនកម្ពុជា»។ ចំពោះគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញបដិសេធមិនចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាទី៧ មិនមែនជាកំហុសរបស់គណបក្សប្រជាជនទេ គឺជាកំហុសផ្នែករដ្ឋបាល របស់គណបក្សរបស់ខ្លួនឯងយ៉ាងពិតប្រាកដ។ ដូច្នេះពួកគេត្រូវទទួលកំហុសចំពោះគណបក្សខ្លួន ដោយខ្លួនឯង ហើយមិនត្រូវទំលាក់កំហុសមកលើគណបក្សប្រជាជនកម្ពុជានោះទេ។

នាឱកាសនោះដែរ លោក ឥត សារ៉ាត់ បាននាំនូវក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ដ៍ជ្រាលជ្រៅ និងបណ្ដាំផ្ញើសាកសួរសុខទុក្ខ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាសមាជិកបក្សទាំងអស់ ក្នុងស្រុកគីរីសាគរ ដែលកំពុងបំពេញការងារ និងប្រកបរបររកទទួលទាន ទាំងអស់ ក្នុងឱកាសនោះផងដែរ។
លោក ឥត សារ៉ាត់ ក៏បានថ្លែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ រវាងក្រុមការងារចុះជួយមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា ជាមួយគណបក្សមូលដ្ឋាន និងសមាជិកសមាជិកាបក្សទាំងអស់ ក្នុងការរៀបចំមូលដ្ឋានរបស់ប្រជាពលរដ្ឋយើងរហូតទទួលបានការរីកចម្រើនលើគ្រប់វិស័យ។ ពិសេសការជឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាយើង។

លោកបានអរគុណដល់សមាជិក សមាជិកា របស់បក្សទាំងអស់ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះលើសលុបនាឆ្នាំ២០២២ កន្លងមក ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ របស់ខ្លួន។

លោក ឥត សារ៉ាត់ ក៏បានលើកឡើងពីវីរភាព និងការលះបង់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុរំដោះជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបន្តស្វែងរកសន្តិភាព ជូនប្រទេសជាតិ តាមរយៈនយោបាយឈ្នះឈ្នះ។ សម្តេចតេជោ បាននាំយើងឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺរាតត្បាតកូវីដ១៩ ហើយសម្តេច បានដឹកនាំប្រទេសជាតិ ឱ្យមានការអភិវឌ្ឍ និងរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។ ជាពិសេស សម្តេច បានលើកមុខមាត់ប្រទេសកម្ពុជាឱ្យពិភពលោកបានស្គាល់ កោតសរសើរ និងស្ងប់ស្ងែង តាមរយៈភាពជោគជ័យដ៏ត្រចះត្រចង់នៃការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាជនពិការអូឡាំពិច អាស៊ានប៉ារ៉ាហ្គេមលើកទី១២៕