(បាត់ដំបង)៖ ចាប់ពីការធ្វើយុទ្ធនាការអន្ទាក់សូន្យទាំងដំណាក់កាលទី១ និងដំណាក់កាលទី២ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ មានភោជនីយដ្ឋានសរុប ១០៣ហើយ បានប្តេជ្ញាចិត្តមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ ជូនដល់ភ្ញៀវទោះទទួលបានតម្លៃក៏ដោយ។

សម្រាប់ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី ២នៅខេត្តបាត់ដំបង ដែលធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះដែរ មានភោជនីយដ្ឋានយ៉ាងហោចណាស់ចំនួន៧ ក៏បានប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃផងដែរ។

យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ត្រូវបិទបញ្ចប់នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ មានការចូលរួមគាំទ្រពីរដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តប៉ៃលិន, មន្ទីរបរិស្ថានខេត្តប៉ៃលិន និងមន្ទីរបរិស្ថាខេត្តបាត់ដំបង, អង្គការអភិរក្សដៃគូរួមមាន មូលនិធិម៉ាដុកជូលីភីត MJP, WWF, WA, FFI, ACCB, WEA, NatureLife ដៃគូអភិវឌ្ឍន៍ និងតំណាងក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ និងក្រុមហ៊ុនមីជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការ អន្ទាក់សូន្យដំណាក់កាលទី២ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នា មន្ទីរបរិស្ថាន ខេត្តបាត់ដំបង លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជានាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងខេត្តបាត់ដំបង គឺជាជំហ៊ានមួយទៀតក្នុងការទប់ស្កាត់ការដាក់អន្ទាក់ពីព្រោះថាខេត្តបាត់ដំបង ដែលជាខេត្តមួយមានសក្តានុពលយ៉ាងសំខាន់ទៅលើវិស័យទេសចរណ៍ ហើយក៏ជាខេត្តមួយមានតំបន់ការពារធម្មជាតិក្នុងនេះដូចជា៖ ដែនជម្រកសត្វព្រៃភ្នំសំកូស តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត តំបន់របៀងជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិជាដើម។

លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ក្នុងយុទ្ធនាការអន្ទាក់សូន្យបានទទួលការយល់ជ្រួតជ្រាបពីសំណាក់ប្រជាពលរដ្ឋកាន់តែច្រើន ហើយប្រជាពលរដ្ឋក៏កាន់តែយល់ពីផលប៉ះពាល់កើតចេញពីអន្ទាក់យ៉ាងច្រើនផងដែរ។

ទាក់ទិនក្នុងរឿងនេះ លោក ផេង សិទ្ធី អភិលរងខេត្តបាត់ដំបង បានឱ្យដឹងថា កាំភ្លើងកែច្នៃបង្កគ្រោះថ្នាក់ទាំងមនុស្សសត្វ ដែលជាការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរមួយដែលយើងគប្បីបញ្ចប់ពីព្រោះវាតែងបង្កគ្រោះថ្នាក់ដល់សត្វព្រៃដ៏មានតម្លៃនៅកម្ពុជាយើង។

លោកអភិបាលរងខេត្តរូបនេះ បានបន្ថែមថបអាជ្ញាធរខេត្តបាត់ដំបងនឹងជំរុញបន្ថែមទៀតក្នុងការទប់ស្កាត់នូវការដាក់អន្ទាក់សម្លាប់សត្វព្រៃ និងព្រមជាមួយគ្នាអាជ្ញាធរនឹងពង្រឹងយន្តការបំបាត់នូវការជួញដូរ ក៏ដូចជាសម្លាប់សត្វព្រៃ។

ដោយឡែកសម្រាប់ លោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន បានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យបានផ្តល់នូវសារៈប្រយោជន៍យ៉ាងសំខាន់ក្នុងការទប់ស្កាត់ការសម្លាប់សត្វព្រៃ។ ខេត្តប៉ៃលិននឹងសហការជាមួយមន្រ្តីពាក់ព័ន្ធក្នុងបទល្មើសដូចជា៖ ការទន្ទ្រានដី ការដាក់អន្ទាក់សម្លាប់សត្វព្រៃ ការជួញដូរសត្វព្រៃ។

លោក ងួន លីណា បានបន្តថា នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ប៉ៃលិន ក្នុងដើមឆ្នាំ២០២៣ ត្រីមាសទី១ មន្រ្តី ឧទ្យានុរក្សបានធ្វើការបង្រ្កាបបទល្មើសសត្វព្រៃចំនួន ៩ករណី ដកហូតវត្ថុតាងខ្សែអន្ទាក់បានចំនួន១៣ខ្សែ ខ្សែលួសដាក់សត្វចំនួន ២,០៥០ម៉ែត្រ។

គួរបញ្ជាក់ថា ខេត្តគោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២នេះ មានខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។សម្រាប់យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ត្រូវបិទបញ្ចប់ នៅខេត្តបាត់ដំបង និងប៉ៃលិននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣៕