(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ក្រុមអ្នកសារព័ត៌មានកម្ពុជា និងសារព័ត៌មាន Guangxi Daily របស់ចិន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានជួបសំណេះសំណាល និងសិក្សាស្វែងយល់ នៅវិទ្យាស្ថានកិច្ចការអាស៊ាន នៃសាកលវិទ្យាល័យជាតិក្វាងស៊ី ​(GuangXi University for Nationalities) ជាសាកលវិទ្យាល័យដ៏ធំប្រចាំខេត្តក្វាងស៊ី ប្រទេសចិន។

ក្នុងដំណើរចុះសិក្សាស្វែងយល់នេះ ប្រតិភូសារព័ត៌មានកម្ពុជា-ចិន ត្រូវបានស្វាគមន៍ដោយភាគីវិទ្យាស្ថាន ដឹកនាំដោយ លោក យី ស៊ីអ៉ី (Ye Xingyi) អនុប្រធានវិទ្យាស្ថានកិច្ចការអាស៊ាន នៃសាកលវិទ្យាល័យជាតិក្វាងស៊ី។

លោក យី ស៊ីអ៉ី បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់ សារព័ត៌មានក្នុងការផ្សព្វផ្សាយទៅកាន់មហាជន និងអះអាងថា វិទ្យាស្ថានរបស់លោក បានយកចិត្តទុកដាក់ជាមួយសារព័ត៌មានមកពីប្រទេសអាស៊ាន។ លោកបានបង្ហាញអំពីប្រវត្តិសាកលវិទ្យាល័យជាតិក្វាងស៊ី ដែលបង្កើតឡើងកាលពីឆ្នាំ១៩៥២ ដោយមានវិទ្យាស្ថានចំនួន២៨ ព្រមទាំងអះអាងដែរថា វិទ្យាស្ថាននេះ ចាប់ផ្តើមទទួលសិស្សបរទេសចាប់តាំងពីឆ្នាំ២០២១ ហើយវិទ្យាស្ថានក៏គ្រោងបង្កើតវេទិកាបញ្ញវន្ត និងសារព័ត៌មានផងដែរ។

លោកបានបញ្ជាក់ថា វិទ្យាស្ថានរបស់លោក ពេលនេះក៏កំពុងសិក្សាអំពីទំនាក់ទំនងចិន-អាស៊ាន ជាពិសេសការសិក្សាទំនាក់ទំនងរវាងកម្ពុជា-ចិន ខណៈប្រទេសទាំងពីរកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

លោក ម័រ យិនលី ប្រធានកិច្ចការអាស៊ានរបស់សារព័ត៌មាន Guangxi Daily បានលើកឡើងអំពីទំនាក់ទំនងកម្ពុជា-ចិន ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកំពុងកសាងសហគមន៍វាសនារួម។ លោកបានបង្ហាញអំពីប្រវត្តិទំនាក់ទំនងការទូតប្រទេសទាំងពីរដែលបង្កើតឡើងដោយមេដឹកនាំកម្ពុជា-ចិន កាលពីឆ្នាំ១៩៥៨។

នៅក្នុងឱកាសនោះ លោក ផ្លុង វិចិត្រ អគ្គនាយកសារព័ត៌មាន The Cambodia Commercial News និងជាអគ្គនាយកសារព័ត៌មាន​ CC-Times ដែលជាប្រធានគណៈប្រតិភូសារព័ត៌មានកម្ពុជា បានថ្លែងអំណរគុណដល់ វិទ្យាស្ថានកិច្ចការអាស៊ាន នៃសាកលវិទ្យាល័យជាតិក្វាងស៊ី ដែលបានទទួលស្វាគមន៍គណៈប្រតិភូសារព័ត៌មានកម្ពុជា។ លោកបញ្ជាក់បន្ថែមថា ទស្សនកិច្ចសារព័ត៌មានកម្ពុជា នៅខេត្តក្វាងស៊ីនាពេលនេះ គឺធ្វើឡើងដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងសារព័ត៌មានប្រទេសទាំងពីរ។ លោកក៏បានស្វាគមន៍ផងដែរ ចំពោះវិទ្យាស្ថានកិច្ចការអាស៊ាន សម្រាប់កិច្ចសហប្រតិបត្តិការជាមួយសារព័ត៌មានកម្ពុជា។

សាកលវិទ្យាល័យជាតិក្វាងស៊ី គឺជាសកលវិទ្យាល័យខ្នាតយក្សលំដាប់លេខ២ នៅខេត្តក្វាងស៊ី ដែលក្នុង១ឆ្នាំៗមានសិស្សបរទេសខ្ទង់ពាន់នាក់ទៅសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្រ ដល់បណ្ឌិត។ សាកលវិទ្យាល័យនេះ ក៏ធ្លាប់បានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រដល់ សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៥ និងផ្តល់សញ្ញាបត្រដូចគ្នានេះជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅឆ្នាំ២០១៧ ផងដែរ។

សូមបញ្ជាក់ថា តំណាងអ្នកសារព័ត៌មាន Fresh News រួមទាំងអ្នកសារព័ត៌មានកម្ពុជាមកពីស្ថាប័នល្បីៗ ៨ស្ថាប័នផ្សេងទៀត បា​នបំពេញទស្សនកិច្ច រយៈពេល៥ថ្ងៃ នៅខេត្តក្វាងស៊ី ប្រទេសចិន ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការប្រតិបត្តិការរវាងអ្នកសារព័ត៌មានប្រទេសទាំងពីរ។

ទស្សនកិច្ចនេះធ្វើឡើង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ដែលរៀបចំឡើងក្រោមកិច្ចសហការគ្នារវាងកាសែត The Commercial News និង Cambodia Guangxi Cloud ASEAN International Communication Station ដែលជាអង្គភាពចំណុះ Guangxi Daily៕