(កំពង់ឆ្នាំង)៖ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោក លោកស្រី ក្រុមការងារគណបក្សថ្នាក់កណ្ដាល មូលដ្ឋាន និងប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ សម្ដេចចៅហ្វាវាំង គង់ សំអុល បានជម្រាបជូនពីព្រះរាជសាររបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចេញនូវកាតព្វកិចជាពលរដ្ឋ។ ជាមួយនេះសម្ដេចបានលើកឡើងពីសមិទ្ធផលនានាជាច្រើន របស់រាជរដ្ឋាភិបាល ក៏ដូចជារបស់គណបក្សប្រជាជនកម្ពុជា ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ដោយលើកកម្រិតកម្ពស់ផ្លូវពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុងជាច្រើនខ្សែនៅទូទាំប្រទេស ដោយឡែកនៅក្នុងខេត្តកំពង់ឆ្នាំងយើងនេះ។

សម្ដេចចៅហ្វាវាំងបន្តថា ៤៤ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានឱកាសក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើង។

សម្ដេចចៅហ្វាវាំង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រៀមឯកសារពាក់ព័ន្ធ និងអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា និងបោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តគាំទ្រសម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ដែលមានលេខរៀងទី១៨ និងដើម្បីបន្តគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

យោងតាមរបាយការណ៍របស់លោក យិន សាវេន អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អគារទីស្នាក់ការគណបក្សឃុំរលាប្អៀរ បានចំណាយពេលសាងសង់៤ខែ ដោយចំណាយថវិកាអស់ ១០១ ៥០០ ដុល្លាអាមេរិកជាថវិការបស់បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក្នុងនោះសាងសង់លើដីទំហំ ៤៣ម៉ែត្រ គុណ ៥០ម៉ែត្រ ចំណាយថវិកា ៣០ ០០០ដុល្លារ (តម្លៃដី)។

ទីស្នាក់ការនេះមានទំហំ ១៣២ ម៉ែត្រការ៉េ បំពាក់សម្ភារៈបរិក្ខា ចំណាយថវិកាអស់ ៤០ ០០០ ដុល្លារអាមេរិក របងព័ទ្ធជុំវិញចំណាយ ១៧ ០០០ ដុល្លារ ចាក់ដី និងថ្មចំណាយថវិកា ៨ ៥០០ដុល្លារ និងតុបតែងលម្អជុំវិញទីស្នាក់ការចំណាយថវិកា ៦ ០០០ដុល្លារ៕