(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្ដើមផ្ដល់ «ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ហៅកាត់ ឯ.អ» ជូនអ្នកបោះឆ្នោតទាំងឡាយណាដែលបាត់/ខូច/ហួសសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចាប់ពីថ្ងៃ២២ ខែមិថុនា ដល់ថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២៣ ពោលគឺមានរយៈពេល៣០ថ្ងៃ។

គួរជម្រាបថា ដើម្បីមានសិទ្ធិបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប (ឆ្នាំ២០២២) និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប៉ុន្តែក្នុងករណីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនោះត្រូវបានបាត់ ឬខូច ឬហួសសុពលភាព ប្រជាពលរដ្ឋសាមីត្រូវស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ហៅកាត់ ឯ.អ ដើម្បីយកទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត។

តាមរយ​ៈបទសម្ភាសនាពេលថ្មីៗនេះ លោក ស៊ុំ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ គ.ជ.ប បានឱ្យដឹងថា គណៈកម្មការឃុំ/សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប ឬ SEC) ជាអ្នកអនុវត្តផ្ដល់ឯកសារនេះ។ ការផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ហៅកាត់ ឯ.អ នេះដែរ នឹងធ្វើឡើងអំឡុងពេល៣០ថ្ងៃ ចាប់ពីថ្ងៃ២២ ខែមិថុនា ដល់ថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២៣ យ៉ាងយូរបំផុតត្រឹមម៉ោង៥៖៣០នាទីល្ងាច។

លោកអគ្គនាយក ស៊ុំ ប៊ុនហុង បានបន្តថា បែបបទ និងនីតិវិធីនៃការផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ហៅកាត់ ឯ.អ នេះ រួមមាន៖

* យកស្នាមម្រាមដៃសាមីខ្លួន ឬក៏ស្វែរកឈ្មោះតាមរយៈលេខអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬតាមរយៈនាមត្រកូល/នាមខ្លួនសម្រាប់ជនមានពិការភាព ឬសម្រាប់អ្នកបោះឆ្នោតដែលខូចខ្ចៅដៃ ដើម្បីពិនិត្យនិងផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវបន្ថែមទៀតរវាងពាក្យស្នើសុំជាមួយទិន្នន័យនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការ។ លោកថា ការណ៍នេះត្រូវយកចិត្តទុកដាក់ជាសំខាន់លើនាមត្រកូល នាមខ្លួន ភេទ ថ្ងៃ/ខែ/ឆ្នាំកំណើត ប្រភេទនៃអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ ឯ.អ ដែលប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត ព្រមទាំងរូបថតរបស់សាមីខ្លួនដោយប្រៀបធៀបរវាងរូបថត និងរូបពិត។

* ត្រូវបោះពុម្ភទម្រង់ ឯ.អ ចេញពីប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ប្រសិនបើអ្នកបោះឆ្នោតបានបំពេញលក្ខខណ្ឌត្រឹមត្រូវ។

* ត្រូវចុះហត្ថលេខា បោះត្រារបស់គណៈកម្មការឃុំ/សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) លើហត្ថលេខារបស់ខ្លួន និងបោះត្រាបន្ថែមនៅចំកណ្ដាលរវាងផ្នែកទាំងពីរនៃទម្រង់ ឯ.អ។ ត្រូវចាត់ឱ្យសមាជិកទទួលបន្ទុកលើការងាររដ្ឋបាលស្កេនពាក្យស្នើសុំ ព្រមទាំងទម្រង់ ឯ.អ ទាំងពីរផ្នែកបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីរក្សាទុកជាឯកសារនៅគណៈកម្មការឃុំ/សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)។

* ជម្រាបឱ្យអ្នកស្នើសុំ ឯ.អ ទៅជួបមេឃុំ/ចៅសង្កាត់ ដើម្បីសុំចុះហត្ថលេខា និងបោះត្រាឃុំ/សង្កាត់ ដើម្បីផ្ដល់សុពលភាពក្នុងការប្រើប្រាស់ជាផ្លូវការ។

លោកអគ្គនាយកបានបន្តទៀតថា ក្នុងករណីបាត់ ឬខូចឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតនោះ ការស្នើសុំជាថ្មីត្រូវធ្វើឡើងដូចទៅនឹងបែបបទ និងនីតិវិធីខាងលើ ក៏ប៉ុន្តែប្រធាន គឃ.សប (SEC) ត្រូវសរសរបញ្ជាក់ថា «ចេញជាលើកទី២» នៅខាងចុងចំណងជើងនៃទម្រង់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតទាំងពីរផ្នែក។

លោកបានបន្ថែមថា «ការស្នើសុំ ឯ.អ មិនតម្រូវឱ្យបង់ប្រាក់នោះទេ»។

យ៉ាងណាមិញ លោកអគ្គនាយក ស៊ុំ ប៊ុនហុង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប (ឆ្នាំ២០២២) ត្រូវត្រៀមខ្លួន ពិនិត្យឯកសារបោះឆ្នោតឱ្យបានគ្រប់គ្រាន់ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ ឯ.អ ដើម្បីមានសិទ្ធិពេញលេញក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕