(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌសែនសុខ អមដោយលោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ដនៃក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានសង្កាត់ភ្នំពេញថ្មី ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោករដ្ឋមន្ដ្រីបានថ្លែងថា ថ្ងៃនេះជាការជួបជុំសួរសុខទុក្ខប្រជាជនរបស់យើងផង និងផ្ដល់ការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជួនពួកគាត់ផង ដែលមានជំងឺទូទៅ ជំងឺរបេង រោគស្ដ្រី អេកូ ជំងឺភ្នែក (មានផ្ដល់ជូនវែនតា) និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងនោះក៏ផ្ដល់រទេះរុញជាច្រើនគ្រឿងជូនដល់ជនពិការផងដែរ។

«ការចុះមកពិនិត្យព្យាបាលជំងឺមកដល់ភូមិឋានរបស់ប្រជាពលរដ្ឋយើង គឺបានផ្ដល់ភាពងាយស្រួលជូនពួកគាត់ច្រើនណាស់ ពិសេសមនុស្សចាស់ មិនពិបាកធ្វើដំណើរឆ្ងាយ ចាំយូរនោះទេ និងមិនពិបាកកូនចៅជូនមកទៀត ថែមទាំងទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃ។ ដូច្នេះហើយបានជាថ្ងៃនេះឃើញថា ពួកគាត់មកពិនិត្យច្រើនណាស់ ។សកម្មភាពចុះពិនិត្យព្យាបាលជូនពលរដ្ឋយើងឱ្យដល់ភូមិឋានគាត់នេះ គឺយើងបានធ្វើកន្លងមកជាហូរហែរមកហើយ និងបន្ដធ្វើទៀតដោយមិនឱ្យពលរដ្ឋយើងណាម្នាក់ មិនបានទទួលសេវាសុខាភិបាលនោះទេ»។ នេះតាមការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ដ្រី។

លោកសាសា្ដចារ្យបន្ដថា ការដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺតែងតែធ្វើជាប់ជាប្រចាំ កិច្ចការងារទាំងនេះ គឺជាការប្រតិបត្ដិការតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រគល់ជូនផង និងជាភារៈកិច្ចបម្រើប្រជាជនយើងផង ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

ក្នុងឱកាសប្រជាពលរដ្ឋទទួលបានការយកចិត្ដទុក្ខដាក់ពីថ្នាក់ដឹកនាំកាលពីព្រឹកមិញនេះ បានធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយយ៉ាងខ្លាំង ខ្លះរំជួលចិត្ដថ្លែងអំណរគុណព្រមជាមួយទឹកភ្នែកបណ្ដើរ ដល់លោករដ្ឋមន្ដ្រីសុខាភិបាល និងថ្នាក់ដឹកនាំ៕