(អាល្លឺម៉ង់)៖ យុវវ័យអាយុ ១៨ឆ្នាំដែលបានធ្វើការបាញ់រះសម្លាប់មនុស្ស ១០នាក់ និងបង្កឲ្យរបួសរាប់សិបនាក់ទៀត នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់កាលពីសប្តាហ៍មុននេះ ត្រូវបានប៉ូលិសសហព័ន្ធរកឃើញថា រូបគេបានរៀបគំរោង វាយប្រហាររយៈពេលមួយឆ្នាំមកហើយ ដោយតែបានរងជំងឺផ្លូវចិត្តអូសបន្លាយយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញ ផ្សាយនៅមុននេះបន្តិចដោយ Channel News Asia នារសៀលថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦។

ប៉ូលិសអាល្លឺម៉ង់បញ្ជាក់ថា ជនជាតិអាហ្វហ្គានីស្ថានវ័យ ១៦ឆ្នាំម្នាក់ ដែលត្រូវជាមិត្តភក្តិជនបង្កឈ្មោះ David Ali Sonboly វ័យ ១៨ឆ្នាំនោះ បាននិយាយពីមូលហេតុខាងនេះឡើង ក្រោយត្រូវបានប៉ូលិសចាប់ខ្លួននិងសួរចម្លើយនា ថ្ងៃទី២៤ ខែកក្កដា។ ប្រទេសអាល្លឺម៉ង់ទាំងមូល នៅតែបង្ហាញភាពតក់ស្លុតចំពោះ ការបាញ់សម្លាប់យ៉ាងឃោឃៅ មិនធ្លាប់មាន ខណៈការស៊ើបអង្កេតបានដាក់ការសង្ស័យថាខ្មាន់កាំភ្លើង អាចជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធ ណាមួយដែលបាន បញ្ជាឲ្យមានការបាញ់រះនៅទីក្រុង Munich កាលពីថ្ងៃសុក្រសប្តាហ៍មុននោះជាមិនខាន។

គួរបញ្ជាក់ថា ការវាយប្រហារនៅអាល្លឺម៉ង់ថ្មីៗនេះ ភាគច្រើនបានបង្កឡើងដោយជនបរទេស ដែលមានជនភៀសខ្លួន និងជនបរទេសដែលមានកំណើតពីមជ្ឈិមបូព៌ាជាដើម។ បច្ចុប្បន្ននេះ ការជួបប្រជុំគ្នាក្នុងកម្មវិធីធំៗ និង តំបន់ទីប្រជុំជន នានានៅទូទាំងអាល្លឺម៉ង់ត្រូវបានរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ប៉ុន្តែពុំទាន់ឈានដល់កម្រិតប្រកាសអាសន្ន ដូចនៅប្រទេសបារាំងនោះឡើយ៕