(សៀមរាម)៖ អធិការនគរបាលស្រុកពួក ខេត្តសៀមរាប លោក ទេព ពុំសែន បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ កាលពីយប់មិញ មានមនុស្សពី២០ទៅ២៥នាក់ មិនស្គាល់អត្តសញ្ញាណ បើករថយន្តចំនួន៦គ្រឿង ចូលទៅក្នុងវត្តសរស្តម្ភ ស្ថិតនៅភូមិសរស្តម្ក​ ឃុំសរស្តម្ក​ ស្រុកពួក​ គោលបំណងចង់ជជីកកកាយរកវត្ថុបូរាណ មានសំរឹទ្ធ ជាដើម ប៉ុន្តែសកម្មភាពទាំងនេះ មិនបានសម្រេចនោះឡើយ ដោយសារតែព្រះសង្ឃ និងគណ:កម្មការវត្តដឹងទាន់ ប្រកាសអាសន្ន ហើយវាយស្គរ បង្កឲ្យមានការភ្ញាក់ផ្អើល ទើបមនុស្សទាំងនេះ បានចេញទៅវិញភ្លាមៗផងដែរ។

លោកអធិការបានបន្តទៀតថា ពេលដែលពួកគេមកនោះ ពួកគេបានសែនព្រេននៅមុខខ្ទមអ្នកតា ដោយឃើញមាន់២ក្បាល សាច់ជ្រូកប្រហែលកន្លះគីឡូក្រាម និងផ្លែឈើមួយចំនួន ប៉ុន្តែក្រោយមានការប្រកាសអាសន្ននោះ ទើបពួកគេក៏ប្រញាប់ចេញទៅវិញ មិនទាន់បានជីកកកាយនោះឡើយ។

បើតាមអធិការនគរបាលរូបនេះ កាលពី២ឆ្នាំមុន ក៏មានមនុស្សមួយក្រុមប្រហែល​ ជាក្រុមរបស់ពួកគេនេះ បានចូលទៅក្នុងវត្តផងដែរ ដើម្បីជីកកកាយ តែមិនបានជោគជ័យនោះទេ ក៏ព្រោះតែមានការដឹងទាន់ពីព្រះសង្ឃ។

ដោយឡែកប្រជាពលរដ្ឋមូលដ្ឋានវិញ បានឲ្យដឹងថា ក្រុមមនុស្សទាំងនេះ ស្លៀកពាក់ឯកសណ្ឋានជាយោធា ហើយរថយន្តសុទ្ធតែទំនើបៗទៀតផង៕