(ភ្នំពេញ)៖ ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ីកាលពីឆ្នាំ២០១៥កន្លងទៅសម្រេចបានជាង ៣០០លានដុល្លារសហរដ្ឋអាមេរិក ដែលចំនួនមិនទាន់ឆ្លើយតប និងបំពេញតាមមហិច្ឆតា នៃប្រទេសទាំងពីរ​នោះឡើយ។ ប្រទេសទាំងពីរចង់ជំរុញនូវទំហំពាណិជ្ជកម្មរវាង គ្នាឲ្យបានកាន់តែខ្លាំងក្លាយថែមទៀត។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និង រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសម៉ាឡេស៊ី លោក Mustapa Mohamed នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ បានបើកសិក្ខាសាលារួមគ្នាមួយស្តីពី «កាលានុវត្តភាពពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី» ក្នុងបំណងពិនិត្យមើលលើស្ថានភាពពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគរវាងប្រទេសទាំងពីរ។ សិក្ខាសាលានេះ ក៏មានការចូលរួមពីអ្នកជំនួញ នៃប្រទេសទាំងពីរចូលរួមយ៉ាងច្រើនផងដែរ។

សិក្ខាសាលានេះ កម្ពុជា-ម៉ាឡេស៊ី បានផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការជំរុញពាណិជ្ជកម្ម និង វិនិយោគ ការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន ការពង្រឹងទំនាក់ទំនងផ្នែកដឹកជញ្ជូន និងភស្តុភារ ការផ្លាស់ប្ដូរទស្សនកិច្ចរវាងភាគីទាំងពីរ ដើម្បីបង្កបរិយាកាសវិនិយោគល្អប្រសើរ និងផ្ដល់ទំនុកចិត្តកាន់តែខ្ពស់ដល់ពាណិជ្ជករ និងវិនិយោគិនបរទេស ជាពិសេសវិនិយោគិនមកពីប្រទេសម៉ាឡេស៊ី។

អង្គសិក្ខាសាលាបានកត់សម្គាល់ថា បរិយាកាសវិនិយោគនៅកម្ពុជាមានលក្ខណៈអំណោយផលដល់វិនិយោគិនបរទេស ដោយកម្ពុជា មានកំណើនសេដ្ឋកិច្ចខ្ពស់ និងទទួលបានភាពអនុគ្រោះពាណិជ្ជកម្ម​ពីបណ្ដាប្រទេសអភិវឌ្ឍន៍នានា ដូចជាសហគមន៍អឺរ៉ុប កាណាដា ជប៉ុន សហរដ្ឋអាមេរិក ចិន។ល។ ដោយហេតុនេះ អង្គសិក្ខាសាលា បានអំពាវនាវឲ្យភាគីម៉ាឡេស៊ីជួយកៀរគរវិនិយោគិនរបស់ខ្លួនឲ្យមក បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ឲ្យបានច្រើនថែមទៀត។

លោកឧញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា នៅឆ្នាំ២០១៥ ប្រទេសកម្ពុជា បានធ្វើការនាំចេញទៅម៉ាឡេស៊ី ១៥២.៦លានដុល្លារអាមេរិក ខណៈចូលពីប្រទេសម៉ាឡេស៊ី​មកកម្ពុជាមានប្រមាណ ២៣៥.៥លានដុល្លារអាមេរិក។

ឧកញ៉ា គិត ម៉េង បានបង្ហាសុទិដ្ឋិនិយមថា ដោយពឹងផ្អែកលើទំនាក់ទំនងល្អនៃប្រទេសទាំងពីរ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ក៏នឹងកើនឡើងជាបន្តបន្ទាប់ផងដែរ។ «ខ្ញុំជឿជាក់ថា ការវិនិយោគរបស់ប្រទេសទាំងពីរ នឹងមានការកើនឡើងជាបន្តបន្ទាប់នៅបណ្ដាលឆ្នាំខាងមុខនេះ ដោយសារយើងមានទំនាក់ទំនងពាណិជ្ជកម្មល្អរវាងរដ្ឋាភិបាលទាំងពីរ ក៏ដូចជាគោលនយោលបាយគាំទ្រពាណិជ្ជកម្ម»

លោក Mustapa Mohamed រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិរបស់ប្រទេសបានថ្លែងថា កម្ពុជា គឺជាដៃគូទី៤របស់ម៉ាឡេស៊ី ហើយម៉ាឡេស៊ី ក៏កំពុងភ្ជាប់ទំនាក់ទំនងក្នុង ចំណោមសហគ្រាសធុនតូច និង មធ្យមរបស់ប្រទេសម៉ាឡេស៊ី និងកម្ពុជាផងដែរ។

ក្នុងសិក្ខាសាលាស្តីពីវឌ្ឍនភាព នៃពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ីនេះ សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) ក៏បានចុះអនុស្សារណៈ យោគយល់ជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន នៃប្រទេសទាំងពីរ។

លោក ងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ការចុះអនុស្សារណៈយោគយល់គ្នា គឺបង្កើតឲ្យបរិយាកាសវិនិយោគកាន់តែល្អ ហើយក៏ជាការជំរុញទំហំពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ីផងដែរ។

ក្នុងជំនួបដាច់ដោយឡែកមួយទៀតរវាងលោក ប៉ាន សូរស័ក្តិ និង លោក Mustapa Mohamed បានផ្ដោតការយកចិត្តទុកដាក់ទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យមួយចំនួន ដូចជា វិស័យស្រូវអង្ករ កៅស៊ូ ជលផល កសិផល (ដំឡូង ពោត សណ្ដែក ចេក ។ល។) សត្វគោរស់ និងកិច្ចសហប្រតិបត្តិការ លើផលិតផលហាឡាល។

លោក ប៉ាន សូរស័ក្តិ បានស្នើឲ្យភាគីម៉ាឡេស៊ី ធ្វើយ៉ាងណាទទួលទិញផលិតផលពីកម្ពុជា ឲ្យបានច្រើន ដើម្បីធ្វើឲ្យមានតុល្យភាពជញ្ជីងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

រដ្ឋមន្រ្តីទាំងពីរ ក៏បានឯកភាពគ្នាកំណត់មុខសញ្ញានាំចេញតែលើផលិតផលសក្ដានុពលមួយចំនួន ជាជាងការជំរុញការនាំចេញផលិត ផលរាយប៉ាយគ្រប់មុខ។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យហាឡាល ដោយសារភាគីម៉ាឡេស៊ីមានបទពិសោធន៍ខ្ពស់ខាងវិស័យហាឡាល ភាគីទាំងពីរយល់ថា អាចនឹង ធ្វើសហប្រតិបត្តិការរួមគ្នា ដើម្បីជំរុញការនាំចេញផលិតផលហាឡាល ព្រោះកម្ពុជាទទួលបានការអនុគ្រោះពាណិជ្ជកម្មយ៉ាងច្រើន ពីបណ្ដាប្រទេសអភិវឌ្ឍន៍៕