(ភ្នំពេញ)៖ «គម្រោងធ្វើឲ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា» ត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ជាតំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៃគម្រោងនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងលេខាធិការដ្ឋាន គ.ជ.អ.ប. ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងក្រុងស្រុកគោលដៅចំនួន០៥ គឺខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះសីហនុ រួមទាំងតំណាងធនាគារពិភពលោក ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជនពាក់ព័ន្ធនានា សរុបចំនួន២០០រូប។

លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានថ្លែងថា ដោយសារកំណើនសេដ្ឋកិច្ចសង្គម និងតម្រូវការនគររូបនីយកម្មកើនឡើង បានធ្វើឲ្យបរិមាណសំរាម សំណល់រឹងនៅតាម ទីប្រជុំជននានាតាមបណ្តារាជធានី ខេត្តទូទាំងប្រទេសមានការកើនឡើងនិងបង្កផលប៉ះពាល់ដល់បរិស្ថាន អនាម័យ សុខភាពសាធារណៈ និងសោភ័ណ្ឌភាពទីក្រុង ទីប្រជុំជន។ ដើម្បីដោះស្រាយបញ្ហានេះ និងធានាឲ្យការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលបានសម្រេចផ្ទេរមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននេះ មកឱ្យរដ្ឋបាលរាជធានី និងរដ្ឋបាលក្រុង ស្រុកដែលនៅកៀកជិតប្រជាពលរដ្ឋជាអ្នកអនុវត្ត តាមរយៈអនុក្រឹត្យលេខ១១៣ ដែលបានដាក់ចេញកាលពីឆ្នាំ២០១៥។

ថ្លែងក្នុងពិធីនេះ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភាដាក់ចេញគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន(២០២០-២០៣០) ដើម្បីធានាថា ចាប់ពីឆ្នាំ២០៣០ខាងមុខ សំរាម សំណល់រឹងទីប្រជុំជនគ្រប់ប្រភេទនឹងត្រូវបានញែក វេចខ្ចប់ ទុកដាក់ សំអាត ប្រមូល ដឹកជញ្ជូន ប្រើប្រាស់និងកែច្នៃ ព្រមទាំងធ្វើប្រព្រឹត្តិកម្មតាមបច្ចេកវិទ្យាប្រកបដោយអនាម័យ និងសុវត្ថិភាពបរិស្ថាន។

លោកបន្ដថា សម្រាប់នីតិកាលទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបន្តចាត់ទុកការកែលម្អគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ ជាការងារអាទិភាពមួយដែលត្រូវសម្រេចឲ្យបាន។ បញ្ចកោណទី៤ ផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលក្នុងនោះ ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ស្របគ្នានេះ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២(២០២១-២០៣០) បានកំណត់ថា ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការអនុវត្តមុខងារជាកាតព្វកិច្ចមួយដែលបានកំណត់នៅក្នុងសមាសភាគទី៥ ដោយផ្តោតលើការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

ផ្អែកលើក្របខណ្ឌគោលនយោបាយខាងលើនេះ ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រុមការងារធនាគារពិភពលោក ធ្វើការសិក្សាគម្រោងមួយ ដែលមានឈ្មោះថា «គម្រោងធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា» ក្រោមក្របខណ្ឌហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានទឹកប្រាក់ ៦៧.៣លានដុល្លារ សម្រាប់រយៈពេល៦ឆ្នាំ ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងរាជរដ្ឋាភិបាល ក្នុងការចុះកិច្ចព្រមព្រៀងជាមួយធនាគារពិភពលោក។