(បន្ទាយមានជ័យ)៖ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ, រដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់បំរាមយ៉ាងតឹងរឹងដល់ជនណាដែលលេងប៉ាតម្សៅ បាញ់ទឹក និងគប់ទឹកបង្កគ្រោះថ្នាក់ដល់គេនៅតាមផ្លូវសាធារណៈ និងសកម្មភាពមិនសមរម្យមួយចំនួនទៀត ដែលប៉ះពាល់ដល់សិទ្ធិបុគ្គល ជននោះនឹងត្រូវចាត់ការតាមច្បាប់។

នៅក្នុងកិច្ច​ប្រជុំនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ លោក អ៊ុំរា ត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានហាមដល់ក្រុមយុវជន យុវនារី មិនឲ្យលេងគប់ទឹកនៅតាមផ្លូវសាធារណៈជាដាច់ខាត ចាក់ធុងបាស់ ផឹក ស្រា ស្រែកឡូឡាពេញទីសាធារណៈ។

លោកបានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធទាំង៣ និងគណៈបញ្ជាការឯកភាពតាមក្រុងស្រុក ត្រូវនៅចាំការពារគ្រប់ច្រកល្ហកទាំងយប់ ទាំងថ្ងៃ ដើម្បីពង្រឹងសន្តិសុខឲ្យបានដាច់ខាតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃ នៅខេត្តបន្ទាយមានជ័យ ប្រពៃណីជាតិឲ្យបានម៉ឺងម៉ាត់។

លោកក៏បានដាស់តឿនដល់យុវនារី ដែលនិយមស្លៀកពាក់សិចស៊ី ហើយចេញមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មានបាញ់ទឹក ឬស្រោចទឹក ប៉ាតម្ស៉ៅ ឬលេង ល្បែងផ្សេងៗទៀតឲ្យចេះស្លៀកពាក់ឲ្យបានសមរម្យ ចេះគោរពច្បាប់ប្រពៃណីខ្មែរផង៕