(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោកស្រី Maria Angelica Sotomayor ប្រធានទទួលបន្ទុកផ្នែកទឹកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកដឹកនាំគណៈប្រតិភូធនាគារពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងធនធានទឹក។

ក្នុងកិច្ចជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូធនាគារពិភពលោក លោកស្រី Maria Angelica Sotomayor ប្រធានទទួលបន្ទុកផ្នែកទឹកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកមកជួបសម្តែងការគួរសម ព្រមទាំងពិភាក្សាពីអាទិភាពអភិវឌ្ឍន៍ និងបញ្ហាប្រឈមក្នុងវិស័យធនធានទឹកនៅកម្ពុជា។

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនានា ជាមួយធនាគារពិភពលោកក្នុងការកសាង និងការអភិវឌ្ឍវិស័យធនធានទឹករយៈពេលវែងនៅកម្ពុជា។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះធនាគារពិភពលោកសម្រាប់ការគាំទ្រ និងកិច្ចសហការយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជាលើគម្រោងអភិវឌ្ឍន៍ជាច្រើននាពេលកន្លងមក។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់ប្រតិភូធនាគារពិភពលោកថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់យកទឹកជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្រសួងធនធានទឹក និងឧតុនិយមក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលកំពុងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីបង្កើននូវសុវត្ថិភាពទឹក ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានស្នើដល់ធនាគារពិភពលោក ទី១)ជួយពង្រឹងគោលនយោបាយជាតិ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទី២)ជួយស្តារ និងរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធនធានទឹក និងប្រព័ន្ធធារាសាស្ត្រ និងការកែលម្អការគ្រប់គ្រងធនធានទឹកជាចម្បងលើដៃទន្លេ និងទី៣)ជួយគាំទ្រលើការបង្កើតផែនការគ្រប់គ្រងអាងទន្លេសម្រាប់អាងទន្លេសាប និងទន្លេមេគង្គ Detla ជាកម្មវិធីវិនិយោគយុទ្ធសាស្ត្រនៅតំបន់អាងទន្លេសាប និងដីសណ្ដទន្លេមេគង្គ ដើម្បីធានាធនធានទឹក កែលម្អការកាត់បន្ថយទឹកជំនន់ និងស្ដារទន្លេដែលងាយរងគ្រោះ។

តំណាងប្រតិភូធនាគារពិភពលោក លោកស្រី Maria Angelica Sotomayor បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមក និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយសមភាគីរាជរដ្ឋាភិបាល ដើម្បីផ្តល់ការគាំទ្រការលើកកម្ពស់ភាពជាដៃគូរយៈពេលវែង និងការកែលម្អការសម្របសម្រួលកម្រិតយុទ្ធសាស្ត្ររវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃធនធានទឹក ប្រព័ន្ធធារាសាស្ត្រ និងការផ្គត់ផ្គង់ទឹកក្នុងតំបន់ ជួយជំរុញដល់កំណើនសេដ្ឋកិច្ច និងពង្រឹងភាពធននឹងការប្រែប្រួលអាកាសធាតុ។

លោកស្រីបានជម្រាបជូនលោករដ្ឋមន្រ្តីផងដែរថា គម្រោងសន្តិសុខទឹកនឹងត្រូវដាក់ជូនគណៈកម្មការនាយកធនាគារពិភពលោក ដើម្បីអនុម័តក្នុងខែមេសាខាងមុខនេះ។ កាលពីពេលថ្មីៗនេះធនាគារពិភពលោកបានអនុម័តកញ្ចប់ថវិកាសម្រាប់ការសិក្សាជំហានបឋមតំបន់បឹងទន្លេសាប ដើម្បីឈានទៅធ្វើការគ្រប់គ្រង និងអភិរក្សតំបន់បឹងទន្លេសាបឱ្យមាននិរន្តរភាពយូរអង្វែង។

សូមបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក ក្រសួងធនធានទឹក និងឧតុនិយមកំពុងដំណើរការគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) និងកំពុងរៀបចំគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP) ផងដែរ៕