(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានលើកឡើងថា​ សូមកុំវៃអួ នូវសមត្ថភាពពេទ្យកម្ពុជា ព្រោះថា គ្រូពេទ្យខ្លះមិនល្អ តែគ្រូពេទ្យច្រើនណាស់ មានវិជ្ជាជីវៈល្អ និងបានព្យាបាលជូនប្រជាពលរដ្ឋ ឲ្យជាស្បះស្បើយពីជំងឺរាប់លាននាក់។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ដង់ដាររបស់ពេទ្យនីមួយៗ តែយើងមិនច្បាស់ អាចជះឥទ្ធិពល ទៅដល់ការទុកចិត្ដ របស់អ្នកជំងឺផ្សេងៗ សម្រាប់ពេទ្យយើងទាំងមូល ហើយឥលូវគេចូលចិត្ដតែវៃអួ ពេទ្យស្រុកខ្មែរ មិនចឹងទេ នៅកន្លែងណាក៏មានដែរ គ្មានពីណា ប្រទេសណា ដែលល្អឥតខ្ចោះនោះទេ»

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងសុខាភិបាល និងក្រសួងអប់រំ ត្រូវកំណត់ស្ដង់ដារនិយាមឲ្យច្បាស់ ហើយនិយាមថ្នាក់ជាតិត្រូវតែបន្ដ ទោះបីជាកម្ពុជាវិមជ្ឈការ ក្នុងការអនុវត្ដគ្រប់គ្រងទៅដល់ខេត្ដ ក្នុងការដឹកនាំក៏ដោយ ប៉ុន្ដែការនិយាមនៅក្នុងប្រតិបត្ដិ ស្ដង់ដារប្រតិបត្ដិថ្នាំ ត្រូវចេញពីកណ្ដាលទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅតាមមណ្ឌលសុខភាព ត្រូវមានស្ដង់ដារមួយដែលថ្នាក់ជាតិ ពិតណាស់ពេទ្យនីមួយៗ មានលទ្ធភាពទិញថ្នាំបន្ថែម ប៉ុន្ដែស្ដង់ដារថ្នាំ គឺត្រូវប្រើដូចគ្នា ដោយសម្ដេចបានលើកឡើងថា អត់អាចថ្នាំនៅខេត្ដកំពង់ចាម ល្អជាងថ្នាំនៅខេត្ដក្រចេះនោះទេ។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងផងដែរថា មួយឆ្នាំៗពេទ្យកម្ពុជា ព្យាបាលជូនប្រជាពលរដ្ឋនៅក្នុងស្រុក ឲ្យបានជាស្បះស្បើយជាពីជំងឺ បានរា​ប់លាននាក់ ប៉ុន្ដែអត់សូវមានពីណាឃើញទេ តែបើមាន១ ឬ២ករណី ដែលមិនល្អនោះ គឺដឹងតែផ្អើលពេញពិភព Facebook តែម្ដង៕