(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជំនួយរបស់ជប៉ុនប្រមាណ ១៥០លានដុល្លារ នឹងសាងសង់មន្ទីរពេទ្យតំបន់នៅកំពង់ចាម និងសៀមរាប ដើម្បីផ្តល់សេវាកាន់តែប្រសើរជូនប្រជាពលរដ្ឋ។ ខណៈមន្ទីរពេទ្យតំបន់ទាំងពីរនេះនឹងលេចចេញជារូបរាងយ៉ាងយូរ ២ ឬ៣ឆ្នាំ ខាងមុខនេះ។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ហើយនៅថ្ងៃទី១៤ ខែ៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាជាមួយ នៅលើកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយអង្គការចៃកា (JICA) ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់២ គឺនៅកំពង់ចាម និងសៀមរាប […] អីឡូវយើងចាប់ផ្តើមពង្រឹងពេទ្យថ្នាក់តំបន់ អញ្ចឹងថ្ងៃនៅពេលដែលមានសមត្ថភាពមន្ទីរពេទ្យក៏នឹងអាចបង្កើតសមត្ថភាពទៀតនៅពេលដែលយើងធ្វើវិមជ្ឈការ ហើយសមត្ថភាពទាំងពីរដែលខ្ញុំបានប្រកាសនេះ គិតជាតម្លៃគឺ១៤១លានដុល្លារ ក្នុងការកសាងមន្ទីរពេទ្យពីរនេះទៅជាមន្ទីរពេទ្យតំបន់»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការខិតខំពង្រឹងមន្ទីរពេទ្យថ្នាក់តំបន់ គឺដើម្បីជួយសម្រួលការលំបាក និងភាពចម្អៀតណែនរបស់មន្ទីរពេទ្យថ្នាក់ជាតិ ជាពិសេសជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋដែលមានជំងឺ កុំឱ្យពួកគាត់ធ្វើដំណើរឆ្ងាយដើម្បីព្យាបាលជំងឺរហូតមកដល់រាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ទៅថ្ងៃមុខរាជរដ្ឋាភិបាលនឹងបង្កើតមន្ទីរពេទ្យតំបន់នៅកន្លែងផ្សេងៗទៀត ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ គឺត្រូវតែហ៊ានវិនិយោគ។ ដូច្នេះនៅថ្ងៃអនាគត ប្រសិនបើមានអ្នកជំងឺធ្ងន់ៗដូចជាការវះកាត់បេះដូង មហារីក ដែលរស់នៅតាមបណ្តាខេត្តក៏អាចព្យាបាលជំងឺរបស់ពួកគាត់នៅតាមបណ្តាខេត្តដែលពួកគាត់រស់នៅជាដើម។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការខិតខំអភិវឌ្ឍន៍មន្ទីរពេទ្យនៅថ្នាក់តំបន់ ថ្នាក់ខេត្តនោះវានឹងកាត់បន្ថយគម្លាតនៃស្តងដារព្យាបាលជំងឺជូនប្រជាពលរដ្ឋផងដែរ។ ចំពោះកិច្ចការងារលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា គឺរាជរដ្ឋាភិបាលកម្ពុជា បានធ្វើជាតាំងពីអាណត្តិមុនៗ និងបន្តធ្វើជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់សុខមាលភាពរបស់ប្រជាជនកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា សម្រាប់ការកសាងមន្ទីរពេទ្យថ្នាក់តំបន់នៅកំពង់ចាម និងសៀមរាប គឺមានតម្លៃចំនួន ១៤១លានដុល្លារ ដូច្នេះ តាមការរំពឹងទុកយ៉ាងយូរ ២ ឬ ៣ឆ្នាំទៀតនោះអ្នកជំងឺមួយចំនួននឹងអាចព្យាបាលជំងឺរបស់ពួកគាត់នៅក្នុងមន្ទីរពេទ្យតំបន់ទាំងពីរនេះ ដោយមិនចាំបាច់ធ្វើដំណើរពីចម្ងាយមកដល់មន្ទីរពេទ្យជាតិនៅរាជធានីភ្នំពេញនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ កាន់តែមានសមត្ថភាពក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងការធ្វើវិមជ្ឈការ ការទទួលខុសត្រូវ ព្រមទាំងសមត្ថភាពរបស់ក្រុមគ្រូពេទ្យរហូតដល់មូលដ្ឋាន តាមជំហានៗ ចំណុចនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាចង់បាន។

គួរឱ្យដឹងថា ក្នុងកំឡុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព នារសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ថ្មីៗនេះ លោក កុមឹរ៉ា ម៉ាសាហ៉ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានប្រកាសធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយការប្រកាសផ្តល់ជំនួយប្រមាណ ១៥០លានដុល្លារអាមេរិក សម្រាប់ សាងសង់មន្ទីរពេទ្យតំបន់៕