(បាត់ដំបង)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ​ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការសម្ពោធមជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូន (EF-Battambang) នៅសាកលវិទ្យាល័យជាតិបាត់ដំបង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង លោកសាស្ត្រាចារ្យ Prof. Laurent SERMET នាយក AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី Mme Elodie WYNAR តំណាងអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រើនរូបផងដែរ។

នាឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា មជ្ឈមណ្ឌលនេះបង្ហាញនូវឆន្ទៈដ៏មុះមុតរវាងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំ ដើម្បីពង្រឹងនូវគុណភាព សមត្ថភាព ក៏ដូចជាពង្រឹងនូវឱកាសការងារសម្រាប់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង ក៏ដូចជានិស្សិតនានាដែលបញ្ចប់ការសិក្សានៅក្នុងតំបន់ ដើម្បីទទួលបានការងារមួយដែលមានប្រាក់បៀវត្សខ្ពស់។ ជាក់ស្តែងការបង្កើតឱ្យមានមជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូន (CEF) នេះឡើងគឺពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ ជាពិសេសការចូលរួមអភិវឌ្ឍមូលធនមនុស្សស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ នៃរដ្ឋសភា។

មជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូន(CEF)នេះជាចំណុចប្រសព្វរវាងវិស័យអប់រំ បណ្តុះបណ្តាល និងវិស័យសង្គមសេដ្ឋកិច្ចរួមមានអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនសហគ្រាស នៅក្នុងខេត្តបាត់ដំបង និងខេត្តនានានៅជុំវិញខេត្តបាត់ដំបង ដែលស្ថិតនៅតាមបន្ទាន់ព្រំដែនក្នុងភូមិភាគពាយ័ព្យ។

មជ្ឈមណ្ឌលធនធានដ៏មានសំខាន់នេះនឹងផ្តល់ឱ្យសិស្ស និស្សិតនូវសិទ្ធិចូលប្រើប្រាស់សេវានានារបស់មជ្ឈមណ្ឌលដោយឥតគិតថ្លៃ តាមរយៈការផ្តល់សេវាកម្មជាច្រើនជុំវិញប៉ូលសំខាន់ៗចំនួន៤គឺ៖

*ប៉ូលទី១៖ ការប្រឹក្សាផ្តល់ព័ត៌មាន និងការបង្រៀនអំពីការងារ៖ ផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់សិស្ស និស្សិតក្នុងការស្វែងរកការងារ និងកម្មសិក្សារបស់ពួកគេ ដោយផ្តោតលើការអភិវឌ្ឍជំនាញសំខាន់ៗដូចជាការសរសេរ CV បច្ចេកទេសសម្ភាសន៍ និងការរួមបញ្ចូលវិជ្ជាជីវៈ។ ការប្រជុំជាមួយនិយោជក ការផ្តល់ប្រឹក្សារវាងនិស្សិត គ្រូបង្រៀន និងដៃគូរផ្សេងទៀតក្នុងការលើកកម្ពស់សុខុមាលភាពដែលរួមចំណែកដល់ការបង្កើតតម្លៃរួមនៅក្នុងកន្លែងធ្វើការដើម្បីធានាបាននូវស្ថេរភាព និងដំណើរការត្រឹមត្រូវនៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង។

*ប៉ូលទី២៖ ការបណ្តុះបណ្តាលបន្ថែមលើជំនាញទន់៖ ផ្តោតលើការពង្រឹងជំនាញសំខាន់ៗដូចជាភាសា ការទំនាក់ទំនង វប្បធម៌ទូទៅ បច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍខ្លួន។

*ប៉ូលទី៣៖ វិញ្ញាបនប័ត្រវិជ្ជាជីវៈ៖ ផ្តល់ឱ្យនិស្សិតនូវឱកាសដើម្បីរៀបចំ និងទទួលយកវិញ្ញាបនបត្រដែលទទួលស្គាល់ជាអន្តរជាតិដូចជាភាសា បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) និងការគ្រប់គ្រងគម្រោង។

*ប៉ូលទី៤៖ ការរៀបចំសហគ្រិនភាព៖ ជំរុញសក្តានុពលសហគ្រិនភាពរបស់និស្សិតដោយណែនាំពួកគេឱ្យឆ្លងកាត់ដំណាក់កាលសំខាន់ៗនៃការអភិវឌ្ឍគម្រោងរបស់ពួកគេ។

ការបង្កើតមជ្ឈមណ្ឌលនេះបង្ហាញនូវកិច្ចសហប្រតិបត្តិការណ៍រវាង AUF និងសាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីជាប្រយោជន៍ដល់យុវជនកម្ពុជាក្នុងតំបន់។

លោក សុខ ឃន បានថ្លែងអំណរដល់កិច្ចសហប្រតិបត្តិការ AUF និងសង្ឃឹមថា AUF បន្តជួយគាំទ្រទាំងថវិកា និងបច្ចេកទេស ដើម្បីឱ្យមជ្ឈមណ្ឌលនេះមានតួនាទីកាន់តែសំខាន់ទៀត ក្លាយជាតំណភ្ជាប់រវាងសហគ្រាស និងសាកលវិទ្យាល័យ សហគ្រាស និងនិស្សិត និងជួយលើកស្ទួយភាសាបារាំង នៅក្នុងតំបន់ពាយ័ព្យនៃកម្ពុជាឱ្យមានការរីកចម្រើន កាន់តែប្រសើរថែមទៀត។

លោក សុខ ឃនបានបន្ថែមថា៖ «មជ្ឈមណ្ឌលនេះមានសារៈសំខាន់មិនត្រឹមតែចំពោះយុវជននិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់យុវជន និងប្រជាជន និងជាទីប្រសព្វនៃអ្នកស្វែងរកការងារ និងអ្នកត្រូវការកម្លាំងពលកម្មនៅក្នុងតំបន់ទាំងមូល»

មជ្ឈមណ្ឌលការងារនេះ គឺជាមជ្ឈមណ្ឌលទី២ ជួយនិស្សិតក្នុងការផ្តល់ប្រឹក្សា ការសិក្សាបន្ថែមនូវការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញក្នុងការស្វែងរកកម្មសិក្សា-ការងារ និងលើកកំពស់សហគ្រិនភាពនៅកម្ពុជា។ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូននេះមានចំនួន១០ ដែលស្ថិតនៅតាមបណ្តាគ្រឹះស្ថានសាកលវិទ្យាល័យនានាជាសមាជិករបស់ AUF ក្រោមការឧបត្ថម្ភគាំទ្ររបស់ AUF៕