(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ លោកស្រី ផេថងថាន ស៊ីណា វ៉ាត់ត្រា ប្រធានគណបក្សភឿថៃ បានទៅធ្វើទស្សកិច្ចនៅសារមន្ទីរជើងឯក ក្រោមការដឹកនាំសម្របសម្រួលដោយលោក លោក សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងលោក ឃ្លាំង​ ហួត​ សមាជិកគណៈកម្មាធិការកណ្តាល​ និងជាទីប្រឹក្សាសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា។

បន្ទាប់មកគណ:ប្រតិភូគណបក្សភឿថៃ បានមកទស្សនកិច្ចនៅវិមានឈ្នះឈ្នះ ក្រោមការដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សមាជិកគណ:អចិន្ត្រៃយ៍ នៃគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: អមដោយលោក សួស យ៉ារ៉ា, លោក ឃ្លាំង ហួត និងលោក នួន​ ផារ័ត្ន​ សមាជិកគណៈកម្មាធិការកណ្តាល​ និងជាអភិបាលរងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ លោកស្រី ផេថងថាន ស៊ីណា​វ៉ាត់ត្រា ប្រធានគណបក្សភឿថៃ ដែលជាបក្សកំពុងកាន់អំណាចនៅក្នុងប្រទេសថៃ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេលមួយថ្ងៃតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន។

ក្នុងដំណើរទស្សនកិច្ចនេះ មរតកឈាមអ្នកនយោបាយរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាអ្នក​នយោបាយដ៏មានប្រជាប្រិយភាពរបស់ថៃ ទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចប្រកបដោយភាព​កក់​ក្តៅបំផុតពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភបាល។

សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ី ស៊ីណាវ៉ាត្រា មានទំនាក់ទំនងស្អិតល្មួតល្អូកល្អិនប្រៀប​ដូចជា​បងប្អូន លើសពីទំនាក់ទំនងក្នុងនាមជាអ្នកនយោបាយមានប្រទេសជាប់របងគ្នា។ បើទោះបីមានវ័យ​នៅ​ក្មេងយ៉ាងណាក្តី ប៉ុន្តែដំណើរទស្សន​កិច្ចប្រធានបក្សភឿថៃ ដែលជាកូនស្រៅពៅរបស់លោក ថាក់ស៊ីន ទទួលបានការទទួលស្វាគមន៍កក់ក្តៅ​បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន អ្នកនយោបាយដ៏មាន​ឥទ្ធិពល​នៅកម្ពុជា។

ទស្សនកិច្ចរបស់ប្រធានបក្សភឿថៃ ដែលជាបក្សកាន់អំណាចនៅប្រទេសថៃ ជាការបង្ហាញឱ្យឃើញនូវស្មា​រតីពូនជ្រុំទំនាក់ទំនងល្អរវាងបក្ស និងបក្ស ប្រទេស និងប្រទេស ដូចអ្វីដែលលោក ថាក់ស៊ី ធ្លាប់បានធ្វើពេលលោកកាន់អំណាច៕