(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើសុំកុំឱ្យមានការរើសអើងគ្រប់ទម្រង់ចំពោះអ្នកដែលមានពិការភាព សូមចាត់ទុកបងប្អូនដែលមានពិការភាព ជាធនធានមនុស្សរបស់សង្គមយើង ចូលរួមជា មួយគ្នាក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចំរើនបន្តទៅមុខទៀត។

ការស្នើបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកអាន សរសេរព័ត៌មាន និងចម្រៀងសម័យ ដល់បុគ្គលិក ជនមានពិការភាពភ្នែក និងកាយសម្បទា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈពិការភ្នែក និងសមាគមតន្ត្រីសំនៀងជនពិការ ស្ថិតនៅភូមិជុំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សិក្ខាកាមជាជនមានពិការភាព ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកអាន សរសេរព័ត៌មាន ចំនួន ៤៩នាក់ ផ្នែកចម្រៀងសម័យចំនួន ១៩នាក់។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី បានថ្លែងថា ជនមានពិការភាពគ្រប់ៗរូប ក៏មានសិទ្ធិទទួលបាននូវការស្រឡាញ់ រាប់អាន មានឱកាសចូលរួមរាល់សកម្មភាពនានាក្នុងសង្គមស្មើៗគ្នា និងទទួលបាននូវការផ្តល់តម្លៃពេញលេញ ហើយទាំងនេះជាចំណែកនៃកោសិកាសង្គមដែល មិនអាចខ្វះបាន។ លោកបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទទួលស្គាល់សមត្ថភាព និងទេពកោសល្យរបស់សិល្បជនមានពិការភាព ដោយគ្មានការរើសអើង។

លោក នេត្រ ភក្ត្រា បានអរគុណដល់សមាគមតន្ត្រីសំនៀងជនពិការ ដែលបានរៀបចំវគ្គបណ្តុះបណ្តាល ការអានសរសេរព័ត៌មាន និងចម្រៀងសម័យ ដើម្បីលើកកម្ពស់សមត្ថភាពជនមានពិការភាព ភ្នែក និងកាយសម្បទា ហើយលោកចាត់ទុកវគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព បុគ្គលិក សមាជិក សមាជិកា ជនមានពិការភាពភ្នែក និងកាយសម្បទា ឱ្យមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីឱ្យមានលទ្ធភាព និងឱកាសក្នុងការស្វែងរកការងារនៅតាមស្ថានីយ៍វិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជន ភោជនីយដ្ឋាន ក្លឹបកម្សាន្ត រង្គសាល រមណីយដ្ឋាន ខនសឺត និងតាមតំបន់ទេសចរណ៍នានា។

លោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានជម្រាបជូនថា សមាគមបានបង្កើតឡើងតាមរយៈការដឹកនាំដោយលោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដោយមានជន ពិការភ្នែក ១ក្រុម ចំនួន ១៥នាក់ និងលោក ចាប តូ ហើយរហូតមកដល់បច្ចុប្បន្នសមាគមមាន សមាជិកសរុបចំនួន ៧០០នាក់ ស្រី ២៩៧នាក់ ខ្លះមានមុខរបរម៉ាស្សា ចម្រៀង កាន់ឧបករណ៍តន្ត្រី សម័យ បុរាណ មន្ត្រីរាជការ សិស្ស-និស្សិត។

លោកថាកន្លងមកនេះ សមាគមបានដឹកនាំកីឡាករ កីឡាការិនី ចំនួន ១៨នាក់ ចូលរួមការប្រកួត អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងនោះជន មានពិការភាពទទួលបានមេដាយសរុបចំនួន ១២គ្រឿង (មាស០១គ្រឿង, ប្រាក់៣គ្រឿង និង សំរឹទ្ធ ០៨គ្រឿង)។ តាមរបាយការណ៍បានអោយដឹងថា ឆ្នាំ២០២៣ ក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៣៩ មានជនមានពិការភាពចូលបម្រើការងារចំនួន ៣,៧៧៦នាក់ (ស្រី ៨៦៩នាក់)។ វិស័យឯកជនចំនួន ២៤១ស្ថាប័ន មានជនមានពិការភាពចូលបម្រើការងារ ចំនួន ៣,៧៥៩នាក់ (ស្រី ២,៦៣១នាក់)។ សរុបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព ៧ ៥៣៥នាក់ កំពុងបម្រើការងារ។

លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានថ្លែងថា បើយោងតាមជំរឿនប្រជាជនទូទៅឆ្នាំ២០១៩-២០២៣ បានបង្ហាញថា ជនមានពិការភាពនៅប្រទេសកម្ពុជា មានចំនួនសរុប ៦៩០,០០០នាក់ នៃចំនួនប្រជាជនសរុប ពួកគាត់មានពិការភាពយ៉ាងហោចណាស់ក៏ផ្នែកណាមួយដែរ ក្នុងចំណោមនោះស្រ្តីពិការ គឺប្រឈមនឹងបញ្ហាលំបាកច្រើនជាងបុរសពិការ។

លោកស្រីបានបន្តថា ការងារពិការភាពមិនមែនជាការងាយស្រួលទេ ត្រូវធ្វើដោយអំណត់ព្យាយាម តស៊ូមតិ ធ្វើជាមួយជនដែលពិការភ្នែក កាយសម្បទា ហើយភាគច្រើនមានការខ្វះខាតក្រីក្រ ទាមទារឱ្យមានការចូលរួមទាំងអស់គ្នា និងប្រើបេះដូង ទឹកចិត្តដើម្បីជួយលើកកំពស់ស្ថានភាពរស់នៅរបស់ពួកគាត់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ សមាគម និងក្រុមការងារក្នុងការកសាងសមិទ្ធផល យ៉ាងច្រើន ដើម្បីឱ្យបងប្អូនជនមានពិការភាពមានកន្លែងស្នាក់នៅ កន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ឱកាសការងារ និងមុខរបរ ជួយសម្របសម្រួល និងដោះស្រាយរាល់ការលំបាកផ្សេងៗ ពិសេសរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនមានពិការភាព និងក្រុមគ្រួសាររបស់ពួកគាត់។