(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតផ្លូវការដើម្បីចូលរួមអបអរសាទរ និងជូនពរ លោក វ្ល៉ាឌីមៀ ពូទីន ដែលបន្ដជាប់ឆ្នោតជា ប្រធានាធិបតីជាប់ឆ្នោតសហព័ន្ធរុស្ស៊ីជាថ្មី។ នេះបើតាមលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

តាមរយៈសារលិខិតដដែលនោះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា វាយតម្លៃខ្ពស់ និងរីករាយសាទរយ៉ាងជ្រាលជ្រៅ ចំពោះចំណងមិត្តភាពជាប្រពៃណី និង ស្និទ្ធស្នាលជាមួយសហព័ន្ធរុស្ស៊ី ដែលត្រូវបានបង្កើតឡើង ក្នុងស្មារតីនៃការគោរព និងការយោគយល់គ្ន ការប្រកាន់គុណតម្លៃរួមគ្នា និងផលប្រយោជន៍រួម។

បើតាមសម្ដេចតេជោ ហ៊ុន សែន, អស់រយៈពេលជិតប្រាំពីរទស្សវត្សកន្លងមកនេះ ប្រទេស យើងទាំងពីរ បានរក្សានូវទំនុកចិត្តនយោបាយទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការគាំទ្រដល់ទំនាក់ ទំនងរវាងរដ្ឋយើង ហើយបានសាយភាយយ៉ាងទូលំទូលាយ ទៅគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ។

ក្នុងតួនាទីជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីការត្រៀមខ្លួន ក្នុងការធ្វើការយ៉ាងជិត ស្និទ្ធជាមួយលោក ពូទីន និងសហការី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងគណបក្សកាន់អំណាច និងស្ថាប័នរដ្ឋ របស់យើងដើម្បីជាឧត្តមប្រយោជន៍រួម សម្រាប់ប្រជាជាតិ និងប្រជាជនរបស់យើង៕