(កំពង់ធំ)៖ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឱ្យតែមានប្រសិទ្ធភាពបន្ថែមទៀត និងស្របតាមទិសដៅពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ការពង្រឹងវិធានការថែរក្សា សន្តិសុខសាធារណៈនោះ នាល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានគណៈបញ្ជារការឯកភាពស្រុក បានចែកសំលៀកបំពាក់ ឯកសណ្ឋានប្រជាការពារចំនួន៥២នាក់ ដែលជាអំណោយរបស់ព្រះគ្រូ តុន ពិសី ព្រះចៅអធិការវត្តគុហនគរ និងសប្បុរសជន ក្នុងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។

នាឱកាសនោះដែរ លោក ហាក់ ម៉ុងហួត បានថ្លែងអំណរគុណដល់ព្រះគ្រូ និងសប្បុរសជនដែលតែងតែចូលរួមជាមួយរដ្ឋបាលស្រុក ទាំងថវិកា និងកម្លាំងកាយ ដើម្បីធ្វើកិច្ចការមនុស្សធម៌នៅក្នុងស្រុក មិនថាអាណាចក្រ និងពុទ្ធចក្រព្រះអង្គចូលរួមយ៉ាងសកម្ម ជាក់ស្តែង ពេលនេះព្រះអង្គក៏បានឧបត្ថម្ភជាឯកសណ្ឋានដល់បងប្អូនប្រជាការពារ។
 
លោកបានលើកឡើងថា ប្រជាការពារ គឺជាអ្នកដែលអាចថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ព្រោះប្រជាការពារ គឺជាប្រជាពលរដ្ឋដែល រស់នៅដោយផ្ទាល់ជាមួយក្រុមគ្រួសារ នៃបងប្អូនក្នុងភូមិ-ឃុំ-សង្កាត់ ហើយបានដឹងច្បាស់អំពីស្ថានភាព មុខរបរ និងការរស់ ដែលស្ថិតនៅជិតបំផុតផងដែរ។

 លោកអភិបាលស្រុកក៏បានធ្កោតសរសើរ និងលើកទឹកចិត្តដល់ប្រជាការពារទាំងអស់ ធ្វើការគាំទ្រនូវសកម្មភាពដ៏ប្រសើរ ក្នុងឆន្ទះរួមគ្នាអភិវឌ្ឍ និងការថែរក្សាសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមឱ្យប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ក្នុងមូលដ្ឋានជារៀងរហូត។ ជាមួយគ្នានេះប្រជាការពារបានរួមចំណែកផ្តល់នូវដំណឹងមិនប្រក្រតីដែលបាន កើតឡើងក្នុងមូលដ្ឋានមានដូចជា៖ បទល្មើសគ្រឿងងញៀន ក្មេងទំនើង ដែលធ្វើឱ្យសមត្ថកិច្ចកំណត់មុខសញ្ញា និងបង្ក្រាបបានជាបន្តបន្ទាប់ផងដែរ។

លោក ហាក់ ម៉ុងហួត បានចាត់តាំងចលនាការពារសន្តិសុខមាតុភូមិ ឬហៅថាប្រជាការពារក្នុងគោលដៅពង្រឹងវិធានការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងធ្វើការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាព កើនឡើងទ្វេរដង ជាពិសេស គឺបំផុសនូវស្មារតីស្រឡាញ់ជាតិ មាតុភូមិ របស់ប្រជាពលរដ្ឋគ្រប់រូបឱ្យចេះសាមគ្គី និងមានមនសិកាខ្ពស់ ក្នុងសកម្មភាពចូលរួមអភិវឌ្ឍ និងថែរក្សាសន្តិសុខក្នុងមូលដ្ឋាន។
      
ក្រុមប្រជាការពារបានសម្តែងក្តីរីករាយ ដោយបានលើកឡើងព្រមៗគ្នាថា បើទោះបីជាពួកគាត់មិនមានប្រាក់ខែក្តី ប៉ុន្តែពួកនៅតែពេញចិត្តស្ម័គ្រចិត្តការពារសន្តិសុខ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងភូមិរស់នៅដោយមិនព្រួយបារម្ភស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕