(សៀមរាប)៖ ដើមី្បអបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ សាខាកាកក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំប្រឡងគំនូរយុវជនកាកបាទក្រហមកម្ពុជា ដោយមានយុវជនកាកបាទក្រហមកម្ពុជា ដែលជាបេក្ខជនចូលរួមប្រឡងគំនូរ មានចំនួន៣០នាក់ ( ស្រី ១៩នាក់) មកពីវិទ្យាល័យចំនួន ៧ មានវិទ្យាល័យ សម្តេចឪ ៤នាក់ (ស្រី ៣នាក់), វិទ្យាល័យ អង្គរ ៦នាក់ (ស្រី ៤នាក់), វិទ្យាល័យ ហ៊ុន សែន សៀមរាប ៤នាក់ (ស្រី ៣នាក់), វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ៤នាក់ (ស្រី ៣នាក់), វិទ្យាល័យ ១០មករា១៩៧៩ ចំនួន៣នាក់ (ស្រី ៣នាក់), វិទ្យាល័យ បាយ័ន ៤នាក់ (ស្រី ២នាក់) និងវិទ្យាល័យ ហ៊ុន សែន ស្វាយធំ ៥នាក់ (ស្រី ១នាក់)។

ក្នុងការប្រឡងគំនូរនេះ បេក្ខជនត្រូវគូរគំនូរនៅសាលារៀងៗខ្លួន ដោយផ្ដោតលើប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» មានរយៈពេល៣ម៉ោង។ នៅពេលគូររួចត្រូវប្រមូលផ្ទាំងគំនូរ យកមកសាខា ដើម្បីគណៈកម្មការពិនិត្យវាយតម្លៃ ជ្រើសរើសជ័យលាភី កម្រិតសាខា។

បន្ទាប់ពីគណៈកម្មការពិនិត្យវាយតម្លៃ ជ្រើសរើសផ្ទាំងគំនូរជ័យលាភី កម្រិតសាខារួចមក ក៏បានរៀបចំពិធីប្រគល់រង្វាន់ជ័យលាភី ប្រឡងគំនូរយុវជនកម្រិតសាខា ក្រោមអធិបតីភាព លោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន នៃសាខាគោលដៅ និងប្អូនៗបេក្ខជនទាំង៣០នាក់ផងដែរ។

លោកស្រី ទុយ ជិ ប្រាក់សោភ័ណ បានលើកឡើងថា ទោះបីជារូបភាពដែលដាក់តាំងនៅទីនេះ មិនបានល្អសមតាមទ្រង់ទ្រាយដូចមនុស្សធំ ឬអ្នកមានជំនាញគូរក្តី ប៉ុន្តែរូបភាពទាំងនេះ បានបង្ហាញពីការរិះគិត និងការខិតខំផ្ចិតផ្ចង់គូររបស់ក្មួយៗដោយបង្កប់ទៅដោយខ្លឹមសារ អត្ថន័យ តាមរូបភាពគំនូរ។ ហើយក៏មានការណែនាំ ខ្លឹមសារគំនូរពីសំណាក់លោកគ្រូ អ្នកគ្រូទីប្រឹក្សា។

លោកស្រី ទុយ ជិ ប្រាក់សោភ័ណ បានបន្តថា ទោះបីមានបច្ចេកវិទ្យារីកចំរើន ដោយមានឧបករណ៍ទំនើបអាចថតផ្តិត និងពង្រីករូបភាពធំជាងរូបភាពពិតល្អឥតខ្ចោះ និងរហ័សទាន់ចិត្តក្តី ក៏រូបភាពដែលគូរ និងផាត់ពណ៌ដោយដៃនៅតែមានតម្លៃ និងជាទីពេញនិយមនៅឡើយ។ ជាពិសេស ចំពោះអ្នកដែលនិយមរូបភាពដែលគូរដោយដៃមនុស្សផ្ទាល់ ព្រោះជាស្នាដៃដែលបានមកពីការអំណត់ព្យាយាមរបស់វិចិត្រករ។

លោកស្រី ទុយ ជិ ប្រាក់សោភ័ណ បានធ្វើការសរសើរដោយស្មោះចំពោះស្មារតីខិតខំព្យាយាម ឆ្លៀតពេលពីការសិក្សា របស់ក្មួយៗទាំង៣០រូប ចូលរួមគូរគំនូរពីសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។ ចំពោះក្មួយៗដែលមិនបានជាប់ជ័យលាភីនាពេលនេះ សូមកុំមានការអាក់អន់ស្រពន់ចិត្ត ព្រោះនេះជាការប្រឡងស្នាដៃដោយយុត្តិធម៌ និងសូមក្មួយៗព្យាយាមបន្តទៀត ដោយឱកាសសម្រាប់ក្មួយៗមានច្រើននៅឆ្នាំខាងមុខ និងសូមក្មួយៗទាំងអស់ បន្តយកចិត្តទុកដាក់គោរព និងស្តាប់បង្គាប់ឪពុកម្តាយ ខិតខំរៀនសូត្រ គោរពវិន័យសាលា ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ជួយមិត្តដែលទន់ខ្យោយ និងធ្វើតែអំពើណាដែលល្អ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ពិសេសត្រូវចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ក៏ដូចជាត្រូវគោរពច្បាប់ចរាចរណ៍រាល់ពេលធ្វើដំណើរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

ក្នុងនោះដែរ ជ័យលាភីលេខ១ បានទៅលើយុវតី ថាត រីតា សិស្សថ្នាក់ទី 10A វិទ្យាល័យ ១០ មករា ១៩៧៩ និង ជ័យលាភីលេខ២ បានទៅលើយុវតី ចាន់ សុជាតា សិស្សថ្នាក់ទី12R វិទ្យាល័យ ១០ មករា ១៩៧៩ និង ជ័យលាភីលេខ៣ បានទៅលើយុវតី រត្ន័ លីហ្សា សិស្សថ្នាក់ទី១១C វិទ្យាល័យសម្តេចឪ ដោយអមរង្វាន់លើកទឹកចិត្តផងដែរ៕