(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលា ក្រោមប្រធានបទ «បែបបទ និងនីតិវិធីនៃការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងវិធានដើមកំណើតទំនិញ» នៅសាលប្រជុំអគារ The Gateway ជាន់ទី៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សិក្ខាសាលានេះផងដែរ ក៏មានការចូលរួមពីមន្រ្តីជំនាញ លោក ស្វាយ សុផល ប្រធានការិយាល័យនាំចេញទៅទ្វីបអាស៊ី និង អូសេអានី នាយកដ្ឋាននាំចេញ នាំចូល នៃក្រសួងពាណិជ្ជកម្ម និងសមាជិកចូលរួមផ្ទាល់ តំណាងជាង ៥០ក្រុមហ៊ុន និងតាមប្រពន្ធ័ VIDEO ZOOM ជាង៤០ ក្រុមហ៊ុន។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយសារមើលឃើញថា ប្រធានបទខាងលើ មានសារៈសំខាន់ និងមានផលប្រយោជន៍ចំពោះ សមាជិក សមាជិកា និងអ្នកវិនិយោគ ក៏ដូចជាចូលរួមអភិវឌ្ឍប្រទេសកម្ពុជាទាំងមូល ដើម្បីឲ្យពួកគាត់បានយល់ជ្រាបច្បាស់ និង អនុវត្តប្រកបដោយមានប្រសិទ្ធិភាពខ្ពស់ និងមានតម្លាភាព។

នេះជាលើកទី១ នៃឆ្នាំ២០២៤ ដែលសមាគមស្បែកជើងកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលានេះឡើង។ គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក សមាគមស្បែកជើងកម្ពុជា តែងតែរៀបចំសិក្ខាសាលាជាមួយក្រសួងពាណិជ្ជកម្ម ជាមួយប្រធានបទល្អៗ និងសំខាន់ៗ សម្រាប់សមាជិក យកទៅអនុវត្តជាមួយនឹងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ដែលចេញដោយក្រសួងពាណិជ្ជកម្ម៕