(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺន បំប៉នគ្រូបង្គោលក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ ចំណុះយោធភូមិភាគទី៥ និងបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញស៊ើបការណ៍ប្រដាប់អាវុធ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។

តាមរបាយការណ៍លទ្ធផលបិទវគ្គហ្វឹកហ្វឺន បំប៉នគ្រូបង្គោលក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ ចំណុះយោធភូមិភាគទី៥ សិក្ខាកាមចំនួន៥៦នាក់ លទ្ធផលទទួលបាន-និទ្ទេសល្អ=៣០នាក់,-ល្អបង្គួរ=២៣នាក់, -និទ្ទេសមធ្យម=៣នាក់ និងបើកហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ មានចំនួនសិក្ខាកាម ៣០នាក់ សិក្សារយៈពេល៩១ថ្ងៃ (គិតចាប់ ពីថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២៤តទៅ។

ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងថា ការដំណើរការវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលគ្រូបង្គោលក្បាច់គុនកងយោធពលខេមរភូមិន្ទ រហូតឈានដល់ការបិទវគ្គហ្វឹកហ្វឺននាថ្ងៃនេះ គឺជាការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវគោលការណ៍របស់ក្រសួងការពារជាតិ និងផែនការហ្វឹកហ្វឺនរបស់អគ្គបញ្ជាការដ្ឋានក្នុងការផ្សព្វផ្សាយ និងរៀបចំដាក់ឱ្យដំណើរការកម្មវិធីហ្វឹកហាត់ក្បាច់គុនកងយោធពលខេមរភូមិន្ទ និងក៏ជាផ្នែកមួយនៃការរួបរួមសាមគ្គីរបស់ ថ្នាក់ដឹកនាំ គ្រប់ស្ថាប័ន របស់មេបញ្ជាការគ្រប់បណ្តាកងឯកភាព ក្នុងកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្ត និងមោទនភាពក្នុងការប្រែក្លាយទស្សនវិស័យឱ្យទៅជាសកម្មភាពជាក់ស្តែង ទស្សនវិជ្ជានៃក្បាច់គុន គឺបង្រៀនឱ្យអ្នកចេះក្បាច់គុនពិតប្រាកដប្រព្រឹត្តខ្លួនជាមនុស្សប្រកបដោយវិន័យ និងគុណធម៌ថ្លៃថ្នូរ។

ឧត្តមសេនីយ៍ទោ សេង ធារិន សង្កត់ធ្ងន់ថា៖ «កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការបន្តអនុវត្តផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ។ វគ្គហ្វឹកហ្វឺនដែលកំពុងដំណើរការបិទនាពេលនេះ ពិតជាបានឆ្លើយតបនឹងតម្រូវការចំបាច់ចំពោះមុខក្នុងការកសាងធនធានមនុស្សជាគ្រូបង្គោលក្បាច់គុនកងយោធពលខេមរភូមិន្ទ បម្រើឱ្យការបំពេញភារកិច្ចបណ្តុះបណ្តាល បន្តនៅតាមបណ្តា សាលាហ្វឹកហ្វឺន និងគ្រប់បណ្តាកងឯកភាពក្នុងកងយោធពលខេរមភូមិន្ទ»

ជោគជ័យនៃវគ្គហ្វឹកហ្វឺននេះ ក៏បានឆ្លុះបញ្ចាំងផងដែរអំពីការប្តេជ្ញាចិត្តប្រឹងប្រែងបំពេញតួនាទីយ៉ាងសកម្ម និងការសាមគ្គីសហការជាធ្លុងមួយរវាងកងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ រួមជាមួយនឹងសហព័ន្ធយុទ្ធ គុនបុរាណខ្មែរ ក្នុងបុព្វហេតុកសាងបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងកម្លាំងប្រដាប់អាវុធកម្ពុជា ឱ្យមានរាយកាយរឹងមាំ ប្រាជ្ញាស្មារតីភ្លឺថ្លា សមត្ថភាពពេញលេញ និងប្រកបដោយវិជ្ជាជីវៈ សំដៅធានាបាននូវប្រសិទ្ធភាព នៃកិច្ចការពារជាតិមាតុភូមិ និងប្រជាជន។

ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានប្រគល់បណ្ណសរសើរ លិខិតបញ្ជាក់កសរសិក្សាជូនដល់សិក្ខាកាម និងឧបត្ថម្ភថវិកាចំនួន ២,០០០,០០០រៀល៕