(ភ្នំពេញ)៖ សម្តេចមហាវបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានថ្លែងថា ដាក់ឱ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំងប្រាំមួយ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ចូលរួមចំណែកយ៉ាងធំធេង ដល់ការធ្វើឱ្យប្រសើរឡើង នូវវិស័យសុខាភិបាលនៅទីជនបទ និងឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ទទួលបានការថែទាំសុខភាពពេញលេញ។

ការលើកឡើងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា នាពេលកន្លងមក, បន្ទាប់ពីការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយជោគជ័យ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកម្មវិធី គោលនយោបាយអាទិភាពទី ១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំងប្រាំមួយ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល តាមរយៈ៖ ១- ការពង្រីកការគ្របដណ្តប់នៃកម្មវិធីមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យប្រមាណជាង ៤៥ម៉ឺនគ្រួសារ ឬស្មើនឹងសមាជិកសរុបជាង ១.៥លាននាក់ ដែលត្រូវបានប្រកាសឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣ និង ២-ការពង្រីករបបថែទាំសុខភាព បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ប្រមាណជាង៣លាននាក់។

សម្តេចបន្ថែមថា «កម្មវិធីទាំងនេះ នឹងចូលរួមចំណែកយ៉ាងធំធេង ដល់ការធ្វើឱ្យប្រសើរឡើង នូវវិស័យសុខាភិបាលនៅទីជនបទ និងផ្ដល់ឱ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ទទួលបានការថែទាំសុខភាពយ៉ាងពេញលេញ»

សម្តេចបានថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីថែមរក្សាលំនឹងជីវភាពប្រជាជន រក្សាសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច ពង្រឹងតួនាទីរបស់កម្ពុជា ក្នុងកិច្ចការតំបន់ និងអន្តរជាតិ លើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់៕

</p