(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះអត្រាគ្របដណ្ដប់នៃការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យ បានកើនប្រមាណ៨៥ភាគរយ ដែលទាំងនេះសបញ្ជាក់អំពីការរស់នៅប្រកបដោយផាសុកភាពរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទ រួមទាំងមានមុខរបរ និងសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាព និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ តំបន់ជនបទកម្ពុជា បាននិងកំពុងប្រែប្រួល និងផ្លាស់ប្ដូរមុខមាត់ថ្មីពីមួយថ្ងៃ ទៅមួយថ្ងៃ ហើយកំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍ និងភាពស៉ីវិល័យលើគ្រប់វិស័យ ដែលមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ប្រទាក់ក្រឡាដែលជាសរសៃឈាម នៃសេដ្ឋកិច្ច។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រសាសន៍យ៉ាងដូច្នេះថា «តំបន់ជនបទកម្ពុជា បាននិងកំពុងប្រែប្រួល និងផ្លាស់ប្ដូរមុខមាត់ថ្មីពីមួយថ្ងៃ ទៅមួយថ្ងៃ ហើយកំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍ និងភាពស៉ីវិល័យលើគ្រប់វិស័យ [...] អត្រាគ្របដណ្ដប់នៃការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យ បានកើនប្រមាណ៨៥ភាគរយ ដែលទាំងនេះសបញ្ជាក់អំពីការរស់នៅប្រកបដោយផាសុកភាពរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទ»

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងដឹកនាំប្រទេសលើមាគ៌ាដ៏ត្រឹមត្រូវ ដែលបន្តកេរ្ដិ៍ដំណែលជាប្រវត្តិសាស្ត្រ ពីរាជរដ្ឋាភិបាល នីតិកាលទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជា ឲ្យទទួលបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ នៅទូទាំងប្រទេស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលថ្មី ប្ដេជ្ញាចិត្តឥតងាករេ និងការទទួលខុសត្រូវខ្ពស់ នៅក្នុងការបន្តថែរក្សាសុខសន្តិភាព និងអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ក៏ដូចជាឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន បើទោះបីជាស្ថិតក្នុងបរិការណ៍ដែលពិភពលោកមានការប្រែប្រួល និងមានភាពមិនប្រាកដប្រជាក៏ដោយ។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាលនីតិកាលថ្មី បានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍន៍នៅទីជនបទធ្វើយ៉ាងណាកាត់បន្ថយគម្លាតនៃការរស់នៅរវាងប្រជាពលរដ្ឋនៅទីជនបទ និងទីក្រុង។ គិតត្រឹមឆ្នាំ២០២៣ ក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ផ្លូវជនបទ បានជាង ៥ម៉ឺនគីឡូម៉ែត្រ គ្រប់ដណ្តប់ជាង៧០ភាគរយ នៅទូទាំងប្រទេស៕