(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលដៅកសាង «បុរីជនបទ» ដែលជាគម្រោងរៀបចំភូមិឋានប្រជាពលរដ្ឋតាមទីជនបទឱ្យល្អប្រសើរ រួមជាមួយការកសាងផ្លូវ ប្រព័ន្ធទឹកស្អាត សាលារៀន មន្ទីរពេទ្យជាដើម។

ការថ្លែងបែបនេះរបស់សម្ដេចធិបតី ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បើតាមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ (រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់) ក្រសួងកំពុងរៀបចំផែនការបង្កើតឱ្យមានបុរីជនបទ​ ដែលមានកិច្ចសហការគ្នាជាមួយក្រសួង ស្ថាប័នពាក់ព័ត៌មាន រួមទាំងក្រសួងអភិវឌ្ឍន៍ជនបទ។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «បុរីជនបទ សំដៅលើការរៀបចំភូមិដ្ឋានឱ្យសមរម្យសម្រាប់ប្រជាពលរដ្ឋទូទៅ ទាំងជីវភាព និងការរស់នៅ រួមជាមួយការកសាងផ្លូវ ប្រព័ន្ធទឹកស្អាត សាលារៀន មន្ទីរពេទ្យ នេះគឺជាគោលការណ៍ដែលយើងត្រូវបន្តធ្វើ ហើយទាំងអស់នេះគឺជារឿងថ្មីជូនប្រជាពលរដ្ឋតែម្ដង»

សម្ដេចធិបតីក៏បានជំរុញឱ្យក្រសួងរៀបចំដែនដី ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមគ្នាគិតគូរពីផែនការរៀបចំបុរីជនបទនេះឱ្យបានគ្រប់ជ្រុងជ្រោយ។

សម្ដេចនាយករដ្ឋមន្ដ្រីបានបន្តទៀតថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក៏បានដាក់ចេញគោលនយោបាយជាច្រើន ក្នុងនោះកំពុងកាត់បន្ថយបញ្ហាគម្លាតរវាងទីក្រុងនិងជនបទ ដើម្បីកុំឲ្យថ្ងៃអនាគតមានភាពខុសគ្នាឆ្ងាយរវាងតំបន់ទាំងពីរនេះ៕