(ភ្នំពេញ)៖​ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជា (ស.ស.រ) និងសមាគមធនាគារនៅកម្ពុជា (ABC) បានចុះអនុស្សរណៈ​ នៃការយោគយល់គ្នា​ ក្នុងការលើកកម្ពស់​ ការឈ្វេងយល់ផ្នែកប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា និងបទពិសោធន៍ ផ្នែកអប់រំរបស់យុវជនខ្មែរ តាមរយៈការរួមបញ្ចូល ការបង្ហាញវប្បធម៌ជាមួយនឹងចំណេះដឹង។

អនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានចុះហត្ថលេខា ជាផ្លូវការ​នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤​ ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នានេះ​ បានបង្ហាញពីសករាជថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណង ផ្តល់អត្ថប្រយោជន៍ ដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំរដ្ឋ។

គំនិតផ្តួចផ្តើម ត្រួសត្រាយផ្លូវនេះ នាំទៅរកការលើក កម្ពស់លើការឈ្វេងយល់​ ផ្នែកប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា និងបទពិសោធន៍ ផ្នែកអប់រំរបស់យុវជនខ្មែរ តាមរយៈការរួមបញ្ចូល ការបង្ហាញវប្បធម៌ជាមួយនឹងចំណេះដឹង ជាក់ស្តែង។

អនុស្សរណៈនៃការយោគយល់គ្នានេះ​ បានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់ វិស័យធនាគារកម្ពុជា ចំពោះទំនួលខុសត្រូវសាជីវកម្ម និងសង្គម ជាពិសេសបង្កើត បរិយាកាស ហិរញ្ញវត្ថុ ប្រកប ដោយ និរន្តរភាព និងបរិយាបន្នតាមរយៈការអប់រំ។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ គំនិតផ្តួចផ្តើម សំខាន់ៗជាច្រើនត្រូវ បានគូស បញ្ជាក់ ៖
១៖​ មូលនិធិរួមសម្រាប់ដំណើរទស្សនកិច្ចសិក្សា៖ សមាគមធនាគារនៅកម្ពុជានឹង អំពាវនាវឱ្យសមាជិករបស់ខ្លួន
ផ្ដល់មូលនិធិ ដើម្បីគាំទ្រការទៅទស្សនកិច្ចសារមន្ទីរ ស.ស.រ ដោយផ្តល់ឱកាស សិក្សាបន្ថែមដល់សិស្សានុសិស្សនៅ តាមគ្រឹះស្ថានអប់រំរដ្ឋនៅទូទាំងប្រទេស។

២៖​ ទស្សនកិច្ចពីរដងក្នុងមួយឆ្នាំ៖ កិច្ចព្រមព្រៀងរួមមានការរៀបចំ និងការផ្តល់ហិរញ្ញបទាន​ ដោយសមាគមធនាគារ នៅកម្ពុជាផ្ទាល់ សម្រាប់ដំណើរទស្សនកិច្ចពីរដងទៅកាន់សារមន្ទីរ ស.ស.រ សម្រាប់ សិស្សានុសិស្ស នៅតាមគ្រឹះស្ថានអប់រំរដ្ឋក្នុងឆ្នាំ២០២៤ ដោយផ្តល់ឱកាសពិសេសមួយ សម្រាប់ការរៀន ដោយផ្ទាល់ អំពីប្រវត្តិរូបិយវត្ថុរបស់កម្ពុជា និងគោលការណ៍ហិរញ្ញវត្ថុ។

៣៖​ ការលើកកម្ពស់ទំនួលខុស ត្រូវសង្គមរបស់សាជីវកម្មក្នុងវិស័យធនាគារកម្ពុជា៖ ភាពជាដៃគូនេះក៏នឹងផ្តោត លើការផ្សព្វផ្សាយកិច្ចខិតខំប្រឹងប្រែង ផ្នែកទំនួលខុសត្រូវសង្គម របស់សាជីវកម្មក្នុង វិស័យ ធនាគារកម្ពុជា ជាពិសេសតួនាទីរបស់វិស័យធនាគារក្នុងការលើក កម្ពស់ចំណេះ ដឹង ផ្នែកហិរញ្ញវត្ថុ។

តាមរយៈគំនិតផ្តួចផ្តើមនេះ យើងសម្របកិច្ចខិតខំប្រឹងប្រែង ឱ្យស្របតាមគោលការណ៍ ហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព របស់កម្ពុជានៃសមាគមធនាគារនៅកម្ពុជា ដោយបង្ហាញពី តួនាទីរបស់វិស័យធនាគារ ក្នុងការ កសាងសមត្ថភាព និងលើកកម្ពស់ ការយល់ដឹងសម្រាប់អនាគត ប្រកប ដោយ និរន្តរភាព និងបរិយាបន្ន។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា​ ការយល់ដឹងពីប្រវត្តិសាស្រ្តទូទៅ ជាពិសេសប្រវត្តិសាស្រ្តផ្នែកសេដ្ឋកិច្ច និងរូបិយវត្ថុ គឺពិតជាចាំបាច់​ សម្រាប់យុវជនជំនាន់ក្រោយ ដើម្បីស្វែងយល់ពីអតីតកាល និងដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្តសម្រាប់ពេលបច្ចុប្បន្នដែលនឹងកំណត់អនាគតរបស់យើង។ ក្នុងន័យនេះ វាជាកត្តាសំខាន់ដែលមនុស្សគ្រប់រូប គួរទទួលចំណេះដឹង​ តាមរយៈការអប់រំ និងវប្បធម៌ ទាំងនៅក្នុងនិងក្រៅសាលា»។

លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជាបានឲ្យដឹងថា​ ការអប់រំបង្កើនចំណេះដឹង ហើយកិច្ចសហការនេះ គឺជាការវិនិយោគផ្ទាល់លើស្ថិរភាព ភាពរឹងមាំ និងភាពធន់ផ្នែកហិរញ្ញវត្ថុនាពេលអនាគតនៃវិស័យធនាគារ ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

លោក ប្លែស គីលីយ៉ង់ សហប្រធាននៃសារមន្ទីរ ស.ស.រ​ បានថ្លែងថា​ «កិច្ចសហប្រតិបត្តិការ ដ៏សំខាន់នេះ នឹងផ្តល់ឱកាសដល់គ្រឹះស្ថានអប់រំរដ្ឋនាំសិស្សានុសិស្សរាប់ពាន់នាក់មកកាន់សារមន្ទីរ ស.ស.រ នៅក្នុងឆ្នាំខាងមុខនេះ។ ខ្ញុំសូមអរគុណចំពោះការគាំទ្ររបស់សមាគមធនាគារនៅកម្ពុជា និងសមាជិក ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគាត់ក្នុងការលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុដែលជាកត្តាសំខាន់មួយ សម្រាប់កំណើនសេដ្ឋកិច្ចប្រកប ដោយប‍រិ‍យាបន្ននៅកម្ពុជា»

អនុស្សរណៈ នៃការយោគយល់គ្នា នេះមានប្រសិទ្ធភាពអនុវត្តភ្លាមៗ ហើយនឹងនៅមានសុពលភាព រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយអាចមានការបន្ត។

កិច្ចសហការនេះគឺជាសក្ខីភាព មួយបង្ហាញពីអំណាច នៃភាពជាដៃគូក្នុងការជំរុញកំណើនប្រកបដោយបរិយាបន្ន និងការប្តេជ្ញា ចិត្តរបស់អង្គភាព ទាំងពីរចំពោះអនាគតយុវជនខ្មែរ៕