(ត្បូងឃ្មុំ)៖ លោក ផារ៉ា មង្គល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយមន្ត្រីសុខាភិបាល និងអ្នកជម្ងឺដែលបានសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

លោក ផារ៉ា មង្គល ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ពេជ ចន្ទមុនី តាមរយៈលោក ជា សុផារ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ចែកជូនមន្ត្រីសុខាភិបាល និងអ្នកជម្ងឺដែលបានសម្រាកព្យាបាលចំនួន៣១៥នាក់ ដោយក្នុង១នាក់ ទទួលបានអង្ករ ២៥kg, ក្រមា ១, សារុង១ និងថវិកា៥ម៉ឺនរៀល។

ក្នុងឱកាសនោះលោក ផារ៉ា មង្គល បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនជាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់បងប្អូន អ៊ំ ពូ មីង និងមន្ត្រីសុខាភិបាលទាំងអស់។

បន្ថែមពីនេះទៀត លោក ផារ៉ា មង្គល ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹករបស់ លោក ជា សុផារ៉ា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលតែងតែរួមសុខទុក្ខជាមួយ បងប្អូនប្រជាពលរដ្ឋ អស់រយៈពេល ១៨ ឆ្នាំកន្លងមកនៅស្រុកក្រូចឆ្មារនេះ។

ស្ថិតក្នុងឱកាសនោះលោក ផារ៉ា មង្គល បានលើកឡើង នូវប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នូវការដាក់ចេញឱ្យអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល របស់រាជរដ្ឋាភិបាលបាន ក្នុងគោលដៅដើម្បីលើកកម្ពស់ គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន។

ជាមួយគ្នានោះ លោក ផារ៉ា មង្គល បានបន្តលើកឡើងថា «គ្រូពេទ្យប្រៀបដូចជាទេវតា ដែលអាចជួយមនុស្សឱ្យឆាប់បានជាសះស្បើយ និងអាចរួចផុតពីសេចក្តីស្លាប់បាន»

ក្នុងនាមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ, លោក ផារ៉ា មង្គល បានថ្លែងអំណរគុណ និងកោតសរសើរដល់គ្រូពេទ្យ និងមន្ត្រីសុខាភិបាលនៃមន្ទីពេទ្យស្រុកក្រូចឆ្មារទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងក្នុងការ បំពេញភារកិច្ច ប្រកបដោយវិជ្ជាជីវៈ ថែទាំសុខភាពសាធារណៈ និងការពារអាយុជីវិតរបស់ប្រជាជនកន្លងមក និងបន្តអនុវត្តន៍ ឲ្យកាន់តែល្អបន្ថែមទៀតផងដែរ៕