(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា បងប្អូនមានពិការភាពទាំងអស់មិនឯកោនោះឡើយ ពោលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី បន្តយកចិត្តទុកដាក់ និងនៅជាប់ជាមួយជានិច្ច តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ​ដំណាក់កាលទី១។

ការលើកឡើងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរំភើបរីករាយ ដែលបានឃើញបងប្អូនដែលមានពិការភាពនៅកម្ពុជា ចូលរួមយ៉ាងសកម្ម និងពេញលេញនៅក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គម នៅកម្ពុជា ដែលនេះបានឆ្លុះបញ្ចាំងពីសមត្ថភាព និងសក្តានុពលរបស់ជនមានពិការភាព ស្របតាមសុភាសិត «ពិការតែកាយ តែចិត្តមិនពិការឡើយ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះ៖ «ហើយខ្ញុំសូមលើកទឹកចិត្ត និងបញ្ជាក់ជូនបងប្អូនមានពិការភាពថា បងប្អូនមិនឯកាទេ បងប្អូនឃើញនៅពេលនេះ មានសម្តេចតេជោ រូបខ្ញុំផ្ទាល់ និងរាជរដ្ឋាភិបាល តែងតែចាត់ទុកបងប្អូនមានពិការភាព ជាមូលធនមនុស្សដ៏មានសក្តានុពល ដែលបានកំណត់យ៉ាងច្បាស់ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលផ្តោតចម្បងលើការកសាងធនធានមនុស្ស និងពង្រឹងធនធានមនុស្សដែលរួមទាំងប្រជាពលរដ្ឋទាំងអស់ រួមទាំងបងប្អូនមានពិការភាពផង ដើម្បីក្លាយជាធនធានរបស់កម្ពុជា»

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការផ្តល់ឱកាសដល់បងប្អូនមានពិការភាព គឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ដែលបានធ្វើកន្លងមក និងបន្តធ្វើបន្តទៀតនៅក្នុងអាណត្តិថ្មីនេះ។ សម្តេចក៏កោតសរសើរកីឡាករ កីឡាការិនី ដែលបានប្រឹងប្រែងលើកកិត្តិយសជូនជាតិមាតុភូមិ ដោយដណ្តើមបានមេដាយពីព្រឹត្តិការណ៍កីឡានានា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការលើកកម្ពស់សិទ្ធិរស់រានមានជីវិតរបស់ជនមានពិការភាព គឺជាការចាំបាច់ ដើម្បីធ្វើឱ្យជនមានពិការភាពទាំងអស់ ទទួលបានសិទ្ធិដូចប្រជាជនដែលគ្មានពិការភាពផងដែរ រួមមាន៖ សិទ្ធិទទួលបានការអប់រំ, ការថែទាំសុខភាព, សេវាយុត្តិធម៌ និងការចូលរួមនៅក្នុងសកម្មភាពសង្គម សាសនា, កីឡា, សិល្បៈ, នយោបាយ ដោយពេញលេញ និងស្មើភាព។

ទន្ទឹងនឹងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបញ្ជាក់ថា រាជរដ្ឋាភិបាល «មិនទុកជនមានពិការភាពណាម្នាក់ឱ្យនៅឯកោដោយគ្មានការ ជួយជ្រោមជ្រែងនោះឡើយ»។ ហើយការពង្រឹងវិស័យពិការភាព គឺជាការចូលរួមពង្រឹងក្ដីសង្ឃឹម និងភាពអង់អាចរបស់ជនមានពិភាព និងលើកកម្ពស់សិទ្ធិសេរី និងភាពថ្លៃថ្នូររបស់ជនមានពិការភាពក្នុងដំណើរការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព៕