(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកថា ការលើកកម្ពស់សិទ្ធិរស់រានមានជីវិតរបស់ជនមានពិការភាព គឺជាការចាំបាច់ដើម្បីធ្វើឲ្យជនមានពិការភាពទាំងអស់ ទទួលបានសិទ្ធិដូចប្រជាជនដែលគ្មានពិការភាពនោះដែរ។

ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល​មជ្ឈមណ្ឌលជាតិ​នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២១​ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សិទ្ធិដែលជនមានពិការត្រូវទទួលបានដូចពលរដ្ឋធម្មតានោះ រួមមាន៖ សិទ្ធិទទួលបានការអប់រំ, ការថែទាំសុខភាព, សេវាយុត្តិធម៌ និងការចូលរួមនៅក្នុងសកម្មភាព សង្គម សាសនា, កីឡា, សិល្បៈ, នយោបាយដោយពេញលេញ និងស្មើភាព ដោយគ្មានការរើសអើង។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការលើកកម្ពស់សិទ្ធិរស់រានមានជីវិតរបស់ជនមានពិការភាព គឺជាការចាំបាច់ ដើម្បីធ្វើឲ្យជនមានពិការភាពទាំងអស់ ទទួលបានសិទ្ធិដូចប្រជាជនដែលគ្មានពិការភាព រួមមាន៖ សិទ្ធិទទួលបានការអប់រំ, ការថែទាំសុខភាព, សេវាយុត្តិធម៌ និងការចូលរួមនៅក្នុងសកម្មភាព សង្គម សាសនា, កីឡា, សិល្បៈ, នយោបាយ ដោយពេញលេញ និងស្មើភាព ដោយគ្មានការរើសអើង»

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ការកែលម្អ និងអភិវឌ្ឍន៍នូវបរិស្ថានរូបវ័ន្ដ មធ្យោបាយដឹកជញ្ជូនសាធារណៈ ចំណេះដឹងព័ត៌មាន និងទំនាក់ទំនងក្នុងយុគសម័យឌីជីថល ជាកត្តាចាំបាច់ក្នុងការជំរុញការចូលរួមប្រកបដោយចីរភាពរបស់ជនមានពិការភាពផងដែរ។ ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គងទាំងផ្នែកសីលធម៌ ស្មារតី និងគោលការណ៍សកលស្ដីពីជនមានពិការភាព ព្រមទាំងនាំឲ្យបាត់បង់សាមគ្គីភាព ភាពសុខដុម និងភាពជឿជាក់គ្នាក្នុងសហគមន៍។

ក្នុងន័យនេះ ការពង្រឹងវិស័យពិការភាពនៅពេលនេះ គឺជាការចូលរួមគ្នាបង្កើនក្ដីសង្ឃឹមបន្ថែមជូនជនមានពិការភាពទាំងអស់នូវភាពអង់អាច និងលើកកម្ពស់សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ របស់បងប្អូនដែលមានពិការភាព ព្រមទាំងផ្លាស់ប្ដូរឲ្យបាននូវការគិតជាវិជ្ជមាន ប្រកបដោយគុណធម៌សម្រាប់ជនមានពិការភាព ដើម្បីរួមចំណែកនូវការលើកកម្ពស់ជនមានពិការភាព ប្រកបដោយបរិយាប័ន្ននៅក្នុងសហគមន៍ និងក្នុងដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ចឲ្យបានច្រើន។ នេះបើតាមអ្វីដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែម។

ជាមួយគ្នានេះ សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅតែអះអាងថា ជនមានពិការភាពទាំងអស់មិនឯកោនោះឡើយ ពោលមានសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងនៅជាប់ជាមួយជានិច្ច។ សម្ដេចក៏បានថ្លែងកោតសរសើរកីឡាករ កីឡាការិនី ដែលបានប្រឹងប្រែងលើកកិត្តិយសជូនជាតិមាតុភូមិ ដោយដណ្តើមបានមេដាយពីព្រឹត្តិការណ៍កីឡានានា និងលើកទឹកចិត្តដល់ជនពិការបន្តប្រកាន់ស្មារតី «ពិការកាយ មិនពិការចិត្ត» ដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួន៕