(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា បានសេចក្ដីណែនាំដល់មន្ទីរធម្មការ​ និងសាសនារាជធានី ខេត្ត ស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ គ.ស.២០២៤ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ មេសា គ.ស.២០២៤ មហាសង្ក្រាន្ត។

ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ គ.ស.២០២៤ ប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តដូចតទៅ៖

-ថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ មេសា គ.ស.២០២៤ មហាសង្ក្រាន្ត ម៉ោង ២២:១៧នាទី ២៤វិនាទី ជាថ្ងៃចូលឆ្នាំរោង ឆស័ក
-ថ្ងៃអាទិត្យ ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ មេសា គ.ស.២០២៤ ជាវារៈវ័នបត
-ថ្ងៃចន្ទ ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ មេសា គ.ស.២០២៤ ជាវារៈវ័នបត
-ថ្ងៃអង្គារ ៤កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ មេសា គ.ស.២០២៤ វេលាម៉ោង ០២ និង១៥នាទី ០០វិនាទី ជាវារៈឡើងស័ក គម្រប់៤ថ្ងៃ ស្រេចបរិបូណ៌ ចូលឆ្នាំរោង ឆស័ក មហាសករាជ ១៩៤៦ ចុល្លសករាជ ១៣៨៦ តទៅ។

ដើម្បីរៀបចំពិធីបុណ្យឱ្យរក្សាបានប្រពៃណីទំនៀមទម្លាប់របស់ជាតិគង់វង្ស និងប្រកបដោយភាពរុងរឿងនោះ ក្រសួងសូមធ្វើការណែនាំមន្ទីរធម្មការ​ និងសាសនារាជធានី ខេត្ត ដូចខាងក្រោម៖

*ត្រូវសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត ណែនាំដល់ព្រះមន្ត្រីសង្ឃស្រុក ព្រះចៅអធិការគ្រប់វត្តអារាម ឱ្យយកព្រះហឫទ័យទុកដាក់សម្អាត និងតុបតែងលម្អវត្តអារាមដោយចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោកឱ្យបានសមរម្យ និងសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រៀបចំពិធីបុណ្យសាសនាតាមវត្តអារាមស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ពិធី ស្រោចស្រពសុគន្ធវារីប្រគេនព្រះសង្ឃ ជូនសីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យជាដើម។

*ណែនាំទៅគ្រប់វត្តអារាមចាត់តាំងពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នៅតាមទីកន្លែងដែលបានតម្កល់អដ្ឋិធាតុ តាមបូជនីយដ្ឋាន ស្តូបតាមវត្តអារាម។

*ណែនាំគ្រប់វត្ដអារាមឱ្យសហការ និងបង្កលក្ខណៈងាយស្រួលជូនក្រសួង ស្ថាប័ន អង្គភាព មន្ទីរ ពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ រៀបចំលេងល្បែងប្រជាប្រិយនានាក្នុងវត្តអារាមដូចជា៖ ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ ចត្រង្គឬអុក ចាប់កូនខ្លែង និងរបាំប្រជាប្រិយខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ឆៃយ៉ាំ ត្រុដិជាដើម ហើយរាល់ការលេងល្បែងនិងរបាំប្រជាប្រិយឱ្យត្រឹមត្រូវតាមក្បួនខ្នាត លក្ខណៈប្រពៃណីជាតិខ្មែរ និងប្រកបដោយសុវត្ថិភាព

*ណែនាំគ្រប់វត្តអារាមមិនត្រូវឱ្យមានការលេងល្បែងដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដូចជា៖ បាញ់ទឹក ជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង ល្បែងស៊ីសង និងគ្រឿងផ្ទុះជាដើម

*ណែនាំនៅគ្រប់វត្តអារាមយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗ

*គ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រមព្រះពុទ្ធសាសនា ត្រូវរៀបចំតាំងព្រះឆាយាលក្ខណ៍ សម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងប្រារព្ធពិធីបង្សុកូលឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះមហាសង្ឃរាជទេព វង្ស៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា៖