(ព្រៃវែង)៖ លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្ត តំណាងលោក សួន សុម៉ាលីន អភិបាលខេត្ត នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមប្រារព្ធទិវាវប្បធម៌ជាតិ ៣  មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តព្រៃវែង។

ការប្រារព្ធពិធីនេះមានការចូលរួម ពីលោក លោកស្រីមន្ទីរស្ថាប័នពាក់ព័ន្ធ សិស្សានុសិស្ស និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង។

លោក អ៊ុក សេរីវុធ ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រៃវែង បានឱ្យដឹងថា ទិវាវប្បធម៌ជាតិ ៣ មីនា គឺជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលរាជរដ្ឋាភិបាលតែងតែបានយកចិត្ត ទុកដាក់រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់ គុណូបការៈ និង ស្នាដៃដ៏ធំធេង នៃបុព្វបុរសយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបសម្រាប់យើងគ្រប់គ្នា ជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើននូវ សេចក្តីស្រឡាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ ទាំងរូបី និងអរូបីឱ្យស្ថិតស្ថេរគង់វង្ស។

ជាមួយគ្នានេះ លោក ឈាង សុវណ្ណារ៉ា បានថ្លែងថា បច្ចុប្បន្ននេះប្រទេសនានាលើពិភពលោកកំពុងអនុវត្តនយោបាយសកលភាវូបនីយកម្ម ស្របគ្នានេះដែរ ប្រទេសក្នុងសហគមន៍អាស៊ាន ក៏កំពុងធ្វើសមាហរ័ណកម្មលើគ្រប់វិស័យ និងដោយឡែកលើវិស័យសិល្បៈវប្បធម៌សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមរៀងៗខ្លួន។ 

លោកបានបន្ថែមថា «ចរន្តនេះជៀសមិនផុតពីការហូរចូលនៃសិល្បៈវប្បធម៌បរទេសទាំងវិជ្ជមាន និងអវិជ្ជមានមកក្នុងប្រទេសយើងឡើយ ដែលប្រការនេះតម្រូវឱ្យប្រជាជនយើងគ្រប់រូប ត្រូវមានកាតព្វកិច្ចជាចាំបាច់ក្នុងការរួមចំណែក ការពារវប្បធម៌ ដោយឈរលើមូលដ្ឋាននៃ ការអភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍលើមូលដ្ឋានអភិរក្ស»។

អភិបាលរងខេត្តបានបន្ថែមថា ដោយហេតុនេះហើយ ទើបរាជរដ្ឋាភិបាលបង្កើតទិវាវប្បធម៌ជាតិ៣ មីនានេះឡើងចំនួន២៥ លើករួចមកហើយ ហើយឆ្នាំនេះទៀតសោទ គឺជាឆ្នាំលើកទី២៦ នៃការប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ដើម្បីជំរុញលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល បងប្អូនប្រជាពលរដ្ឋ រួមគ្នាធ្វើការផ្សព្វផ្សាយ និងបញ្រ្ជាបអំពីសិល្បៈវប្បធម៌ជាតិដ៏សម្បូរបែបដែលជាស្នាដៃសិល្បៈ កើតចេញពីកម្លាំង ពលកម្ម និងបញ្ញាពលកម្មពិតៗ របស់សិល្បកររៀមច្បង  និងយុវសិល្បករយើងជាសិស្ស-និស្សិតនៅតាមគ្រឹះស្ថានសិក្សានានា បានបង្ហាញអំពីគំនិតច្នៃប្រឌិត និងភាពប៉ិនប្រសប់ក្នុងវិស័យសិល្បៈវប្បធម៌ របស់ខ្លួន ដែលមានឈាមជ័រសិល្បៈបន្តពីដូនតាជូនដល់ប្រជាជាតិទាំងក្នុង និងក្រៅប្រទេសបានស្គាល់ យល់ជ្រួតជ្រាប និងជាពិសេសក្នុងស្រទាប់យុវវ័យ ដើម្បីបង្កើនការចូលរួមថែរក្សា ការពារសម្បត្តិវប្បធម៌ខ្មែរដែលជាដួងព្រលឹង ជាអត្តសញ្ញាណជាតិប្រកបដោយកិត្យានុភាព និងភាពថ្លៃថ្នូរ។ 

លោកអភិបាលរងខេត្ត បានបន្តថា សកម្មភាពទាំងនេះ ជាការបង្កើតនូវផលិតផល វប្បធម៌ថ្មីៗទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាជន ក្នុងការប្រើប្រាស់ផលិតផលវប្បធម៌ ក្នុងស្រុក និងជាការរួមចំណែកកាត់ បន្ថយការប្រើប្រាស់វប្បធម៌បរទេសនិងការហូរចូលឥតឈប់ឈរនៃវប្បធម៌អវិជ្ជមាន ព្រមទាំងអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់កិត្យានុភាពវប្បធម៌របស់ជាតិយើងស្របតាមគោលដៅ «កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌» រួមជាមួយនិងយុទ្ធសាស្រ្តទេសចរណ៍ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ»៕