(ព្រះសីហនុ)៖ មន្ទីររៀបចំដែនដី នគីរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បើកកិច្ចប្រជុំបិទផ្សាយទិន្នន័យជាសាធារណៈ នូវឯកសារនៃការ វិនិច្ឆ័យ នៅភូមិថ្មធំ និងភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅភូមិថ្មធំ និងភូមិរាម ឃុំរាម។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក ហែម ដារិទ្ធ អភិបាលរងខេត្តព្រះសីហនុ តំណាងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានការចូលរួមពីលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ សមាជិកគណៈកម្មការរដ្ឋបាល និងប្រជាពលរដ្ឋយ៉ាង ច្រើនកុះករ បានប្រារព្ធនៅវត្តស្មាច់ដែង ឃុំរាម ខេត្តព្រះសីហនុ ។

ក្នុងឱកាសនេះលោក ហែម ដារិទ្ធ បានថ្លែងថា ការការបិទផ្សាយទិន្នន័យ ជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ គឺជាផ្នែកមួយនៃការរួម ចំណែកក្នុងការអភិវឌ្ឍន៍ភូមិ-ឃុំ និងសង្គមជាតិ តាមរយៈការទទួលបាននូវសុវត្ថិភាពលើការកាន់កាប់ដីធ្លី ជាពិសេសកាត់ បន្ថយជម្លោះដីធ្លីនៅក្នុងខេត្តព្រះសីហនុ ដើម្បីឈានដល់ការសម្រេចចេញ បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។

លោកបានបន្តថា ការបិទផ្សាយទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ នេះ គឺដោយសារមានការជម្រុញពីសំណាក់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមទាំងការចង្អុលបង្ហាញរបស់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ និងជាពិសេសក្រោម ដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទើបធ្វើឱ្យដំណើរការនៃការចុះបញ្ជីដីធ្លីជូន ប្រជាពលរដ្ឋនៅតាមបណ្ដាភូមិ-ឃុំ-ស្រុក ទូទាំងខេត្តព្រះសីហនុទាំងមូល មានភាពឆាប់រហ័ស និងទទួលបានលទ្ធផលល្អ។

គួរជម្រាបជូនថា ចំនួនក្បាលដីសរុបមាន ១៤៦៧ក្បាលដី និងភូមិរាមចំនួន ៨៣៣ក្បាលដី និងភូមិថ្មធំមានចំនួន ៦៣៤ ក្បាលដី នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕