(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បាន​ផ្តល់​នូវអនុសាសន៍ណែនាំ​ចំនួន៦ចំណុចដល់ភាគីពាក់ព័ន្ធ ដើម្បីបន្តយកចិត្តទុកដាក់ និងជំរុញការអប់រំបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាមនៅកម្ពុជា។

ការផ្តល់នូវអនុសាសន៍ណែនាំ​ទាំងនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីពិសារអាហារស្រាយ​បួសខែរ៉ាម៉ាឌន​ ដែលមានបងប្អូនខ្មែរ​ឥស្លាមចូលរួមប្រមាណ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិ​ជ្រោយ​ចង្វារ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនេះ សម្តេចធិបតីបានគូសបញ្ជាក់ថា ចំពោះវិស័យអប់រំនៅក្នុងវិស័យខ្មែរ​ឥស្លាម បច្ចុប្បន្នមានការរីកចម្រើន ហើយរាជរដ្ឋាភិបាលបានផ្តល់ក្របខណ្ឌគ្រូបង្រៀន ជូនដល់សហគមន៍ខ្មែរ​ឥស្លាម ដែលធ្វើឱ្យចំនួនសិស្សនិស្សិតបញ្ចវ័ន្តខ្មែរ​ឥស្លាម កាន់តែមានចំនួនកើនឡើង។

ទន្ទឹមគ្នានេះ សម្តេចធិបតីសូមអំពាវនាវឱ្យបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលនូវមុខជំនាញ វិជ្ជាជីវៈ និងបច្ចេកវិជ្ជាផ្សេងៗ ដើម្បីឱ្យបងប្អូន ខ្មែរឥស្លាម ទទួលបាននូវការងារសមស្រប ធ្វើឱ្យជីវភាពគ្រួសារ និងសង្គមជាតិកាន់តែប្រសើរឡើង តាមរយៈ អនុសាសន៍ណែនាំមួយចំនួន ដូចខាងក្រោម៖

ទី១. ថ្នាក់ដឹកនាំឥស្លាម និងសាសនិកឥស្លាមទាំងអស់ សូមបន្តសហការ សាមគ្គីគ្នា និងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍។

ទី២. ត្រូវបន្តរៀបចំដឹកនាំ កិច្ចការសាសនាក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈ កិច្ចសហការជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់។

ទី៣. ​អាជ្ញាធរមានសមត្ថកិច្ចជួយសម្រួលលើការសាងសង់សាលារៀន វិហារឥស្លាម ស៊ូរ៉ា ជូនបងប្អូនខ្មែរឥស្លាម ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីជូនដំណឹង ស្តីពីការកំណត់លើការកសាងទីកន្លែងប្រតិបត្តិសាសនា នៅតាមបណ្តាភូមិដែលមានសាសនិកខ្មែរឥស្លាមរស់នៅ ស្របតាមក្រឹត្យក្រមច្បាប់សាសនាឥស្លាមដែលបានកំណត់ និងអនុវត្តតាមបច្ចេកទេសទៅតាមសា្ថប័នមានសមត្ថកិច្ច។

ទី៤. សូមបង្កើនសកម្មភាពសង្គម តាមរយៈ កិច្ចការមនុស្សធម៌ ការអប់រំ ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍នៃជំនឿឥស្លាម និងគោរពតាមរដ្ឋធម្មនុញ្ញ ។

ទី៥. សូមមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានាសិទ្ធិសេរីភាពខាងសាសនាឥស្លាមនៅកម្ពុជា តាមរយ:សាមគ្គីភាព ជាមួយអ្នកកាន់សាសនានានា ដើម្បីភាពសុខដុមនីយកម្មផ្នែកសាសនា ។

ទី៦. ត្រូវបន្តកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើម្បីកៀរគរថវិកា និងបច្ចេកទេស សម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមន៍ខ្មែរឥស្លាម ដោយជៀសវាងការយកសាសនា សម្រាប់ធ្វើអាជីវកម្ម​ បង្កើតបញ្ហាមិនល្អ នៅក្នុងសហគមន៍។​

ព្រមជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណចំពោះបងប្អូនខ្មែរឥស្លាម ដែលបានជឿជាក់រដ្ឋាភិបាល និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕