(ហ្សការតា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Norimasa Shimomura តំណាងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំប្រទេសឥណ្ឌូណេស៊ី ចូលជួបពិភាក្សាការងារ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងលេខាធិការដ្ឋានអាស៊ាន និង UNDP ព្រមទាំងពិភាក្សាអំពីកិច្ចសហការស្តីពីគម្រោងនវានុវត្តន៍ខៀវអាស៊ាន (ASEAN Blue Innovation Project) ដែលនឹងជួយជំរុញការបង្កើតសេដ្ឋកិច្ចខៀវនៅក្នុងអាស៊ាន។

នៅព្រឹកថ្ងៃដដែល លោក Daniel Blockert ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រស៊ុយអែតប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានអបអរសាទរលោក Daniel Blockert ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូត នៃព្រះរាជាណាចក្រស៊ុយអែតប្រចាំអាស៊ាន និងបានបញ្ជាក់សាជាថ្មីនូវការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសស៊ុយអែតទាំងតាមរយៈក្របខណ្ឌអាស៊ាន-ស៊ុយអែត និងអាស៊ាន-សហភាពអឺរ៉ុប ដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែប្រសើរ។

សម្រាប់នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Stuart Calman ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានតាមដានការងារបន្ត ពីអ្វីដែលលោកអគ្គលេខាធិការអាស៊ាន និងលោកនាយករដ្ឋមន្ត្រីនូវែលសេឡង់ បានពិភាក្សាគ្នានៅប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗនេះ ព្រមទាំងពិភាក្សារិះរកវិធីដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងនូវែលសេឡង់ ជាពិសេសការត្រៀមសម្រាប់ខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ នៅឆ្នាំ២០២៥។

នៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Sihasak Phuangketkeow អនុរដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីការចូលរួមចំណែកដ៏សំខាន់របស់ប្រទេសថៃ ក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីពង្រឹងភាពជាដៃគូដើម្បីនិរន្តរភាព ក៏ដូចជា ការលើកកម្ពស់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ាន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈរិះរកវិធីដើម្បីពង្រឹងរបៀបវារៈកសាងសហគមន៍អាស៊ាន ដើម្បីសម្រេចបានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥។

នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោក Henrique Archanjo Ferraro ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានអបអរសាទរឯកឧត្តម Ferraro ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំអាស៊ាន និងបានបញ្ជាក់សាជាថ្មីនូវការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសប្រេស៊ីល ដើម្បីធ្វើយ៉ាងណាជំរុញឱ្យទំនាក់ទំនងអាស៊ាន-ប្រេស៊ីល កាន់តែប្រសើរ៕