(រតនគិរី)៖​ លោក​ ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ​ បានបើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំសង្ក្រាន្តឆ្នាំថ្មី២០២៤ពេលខាងមុខ​ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត អភិបាលក្រុងស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង៣ប្រភេទផងដែរ។ 

លោក​ ញ៉ែម សំអឿន​ បានថ្លែងថា​ ដោយមានការឯកភាពពីមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត រដ្ឋបាលខេត្តនឹងរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មី នៅបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣​ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២៤​ ឱ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ ។

លោកអភិបាលខេត្តបានស្នើឲ្យថ្នាក់ដឹកនាំក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ត្រូវត្រៀមរៀបចំដាក់ភ្លើងនៅតាមសួន នឹងដើមឈើ ការតុបតែងលំអរនៅជុំវិញសាលាខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរី។

លោកបន្តទៀតថា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងឆ្នាំ២០២៤នេះ នឹងរៀបចំព្រឹត្តិការណ៍ឲ្យកាន់តែធំ មានការលេងល្បែងប្រជាប្រិយ និងការកម្សាន្តនានាឲ្យកាន់តែច្រើនជាងមុនម្យ៉ាងវិញទៀតគ្រប់វត្តអារាមនិងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែងនិងទីធ្លាឲ្យបានស្អាតនិងមានសោភ័ណភាពដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកចូលរួមកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះឲ្យបានច្រើនកុះករ។

ទន្ទឹមនឹងនោះសូមឲ្យរដ្ឋបាលក្រុង ស្រុកនិងមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ត្រូវចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈឲ្យបានស្អាតល្អ។​ លោកអភិបាលខេត្តក៏បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់សហការជាមួយសមត្ថកិច្ច ត្រូវរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ៕