(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំសន្និបាតបូកសរុបការងារសុខាភិបាល លើកទី៤៣ របស់គណៈកម្មការ និងអនុគណៈកម្មការនានារៀបចំការងារសន្និបាតសុខាភិបាល នៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

លោកសាស្ត្រាចារ្យបានអញ្ជើញចូលរួមសំណះសំណាល ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនដល់គណៈកម្មការ អនុគណៈកម្មការរៀបចំការងារសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣ ទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែង មិនខ្លាចការនឿយហត់ ដោយការលះបង់ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ព្រមទាំងពេលវេលា ក្នុងការរៀបចំនូវសន្និបាតសុខាភិបាល លើកទី៤៣ ក្នុងការបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និងឆ្នាំបន្ត នេះប្រព្រឹត្តទៅដោយរលូន ស្របទៅតាមការគ្រោងទុក និងទទួលបានជោគជ័យគួរជាទីមោទនៈ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានបន្តលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ នៃគណៈកម្មការ អនុគណៈកម្មការរៀបចំការងារសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល ទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែង ពង្រឹង និងរៀបចំការងារនេះឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាតជូនរដ្ឋលេខាធិការប្រចាំការ បន្តដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំសន្និបាត បូកសរុបការងារសុខាភិបាល លើកទី៤៣ ដើម្បីស្វែងរក និងបំពេញបន្ថែមនូវចំណុចខ្វះខាតក្នុងការកែលម្អនៅការរៀបចំការងារសន្និបាតនាពេលក្រោយទទួលបាននូវលទ្ធផលល្អប្រសើរ៕