(ឥណ្ឌូនេស៉ី)៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិសាបាយការងារពេលព្រឹកជាមួយលោក Lee Jan-keun ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំអាស៊ាន មុននឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ៣១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្លួងប្រាបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ទស្សនកិច្ចរបស់លោកអគ្គលេខាធិការអាស៊ាន ទៅសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមវេទិកា Jeju ដើម្បីសន្តិភាព និងវិបុលភាព នៅខែឧសភា ខាងមុខ ព្រមទាំងបានចែករំលែកបច្ចុប្បន្នភាពស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េផងដែរ។

ជាមួយគ្នានេះ តមតាមការអញ្ជើញរបស់ លោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ឆ្នាំ២០២៤ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ៣១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្លួងប្រាបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី ២៣ ដល់ ២៤ ខែមីនា ឆ្នាំ២០២៤។

កិច្ចប្រជុំខាងមុខនេះ នឹងពិភាក្សាអំពីទិសដៅពេលអនាគតរបស់ ASCC ក្នុងការធានាបាននូវអាស៊ានមួយដែលមានការឆ្លើយតប បរិយាប័្នន និងចីរភាព ព្រមទាំងផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍផែនការយុទ្ធសាស្ត្ររបស់ ASCC ដែលនឹងជាផ្នែកមួយដ៏សំខាន់របស់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។

លោកអគ្គលេខាធិការអាស៊ាន ក៏នឹងចូលរួមផងដែរនៅក្នុងជំនួបរវាងក្រុមប្រឹក្សា ASCC ជាមួយអង្គភាពតាមវិស័យនៃ ASCC របស់ប្រទេសឡាវ ក៏ដូចជា ចូលរួមក្នុងការដាក់ឱ្យដំណើរការឃ្លាំងផ្ទុកទិន្និន័យ សម្រាប់ប្រព័ន្ធវាយតម្លៃ និងតាមដានរបស់ ASCC។