(ព្រះវិហារ)៖ លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវបន្តចូលរួមទាំងអស់គ្នា ដើម្បីឱ្យក្រុងព្រះវិហាររបស់យើង ក្លាយជាទីក្រុងស្អាត មានសោភណ្ឌភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ការថ្លែងរបស់លោក សុខ សាន្តតារ៉ា ក្នុងឱកាសដែលលោកតំណាងលោក គីម រិទ្ធី អភិបាលខេត្ត ចូលរួមក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត ខួបលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បី ទេសចរណ៍» ដែលរៀបចំធ្វើឡើងនៅសាលាក្រុងព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលក្រុងព្រះវិហារ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះ លោក សុខ សាន្តតារ៉ា បានអានសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាឱកាសទិវាជាតិទីក្រុងស្អាត លើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទេសចរណ៍» ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋដែលមានវត្តមានក្នុងពិធីនេះ។

លោក សុខ សាន្តតារ៉ា បានថ្លែងថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យសំខាន់មួយ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ តាមការផ្តល់ឱកាសការងារដោយផ្ទាល់និងដោយប្រយោល។

លោកអភិបាលរងខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ទៀតថា ទិវាជាតិទីក្រុងស្អាតដែលយើងប្រារព្វធ្វើនាថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ ដែលយើងទាំងអស់គ្នាក្នុងនាមជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ ក៏ដូចជាមហាជនទូទៅ ត្រូវចូលរួមទាំងអស់គ្នាដើម្បីឱ្យក្រុងព្រះវិហារ ក្លាយជាទីក្រុងស្អាត មានសោភណ្ឌភាព ក្រោមការយកចិត្តទុកដាក់ពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ពិសេសដើម្បីឱ្យក្រុងព្រះវិហារយើង ដណ្តើមបានផ្កាកុលាបថែមទៀត នាឱកាសប្រឡងប្រណាំងទីក្រុងស្អាតទូទាំងប្រទេសលើកក្រោយៗទៀត៕