(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានចុះអនុស្សារណៈនៃការយោគយល់គ្នាលើសហប្រតិបត្តិការផលិត និងផ្សព្វផ្សាយមាតិកាព័ត៌មានគ្រប់ទម្រង់របស់ក្រសួងអធិការកិច្ច ឱ្យកាន់តែសម្បូរបែប ទាន់ពេលវេលា និងប្រកបដោយគុណភាព នៅលើប្រពន្ធ័ផ្សព្វផ្សាយគ្រប់ប្រភេទទាំងអស់របស់ក្រសួងព័ត៌មាន ទាំងបុរាណ និងទំនើប។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសហការផលិត ផ្សព្វផ្សាយមាតិកាព័ត៌មានគ្រប់ទម្រង់របស់ក្រសួងអធិការកិច្ច ឱ្យកាន់តែសម្បូរបែប ទាន់ពេលវេលា និងប្រកបដោយគុណភាព សំដៅបញ្ជាបការយល់ ដឹងរបស់ប្រជាពលរដ្ឋលើវិស័យអធិការកិច្ចនៅកម្ពុជា នៅលើប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទទាំងអស់របស់ក្រសួងព័ត៌មាន ទាំងបុរាណ និងទំនើប ក្នុងនោះរួមមានទូរទស្សន៍ជាតិកម្ពុជា (TVK) វិទ្យុជាតិកម្ពុជា (RNK) ទីភ្នាក់សារព័ត៌មានកម្ពុជា (AKP) និងអង្គភាពផ្សព្វផ្សាយដទៃទៀត ដូចជា៖ វិទ្យុជាតិ AM 918MHZ, FM96MHz គេហទំព័រ កម្មវិធីទូរសព្ទ (App MoINFO) និងបណ្តាញទំនាក់ទំនងសង្គមដទៃទៀត របស់ក្រសួងព័ត៌មាន សំដៅពង្រីក និងពង្រឹងវិសាលភាពការផ្សព្វផ្សាយព័ត៌មានរបស់ស្ថាប័នសាធារណៈទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

អនុស្សរណៈនៃការយោគយល់នេះ ក៏ជាការគាំទ្រដល់ចក្ខុវិស័យនៃការបន្តដឹកនាំក្រសួងព័ត៌មានឱ្យក្លាយទៅជា «ស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល» ដើម្បីគ្រប់គ្រងលំហព័ត៌មាន និងសន្តិសុខព័ត៌មាននៅកម្ពុជា។

សម្រាប់កិច្ចសហការរវាងក្រសួងព័ត៌មាន និងក្រសួងអធិការកិច្ចនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ និងធានាការទទួលបានព័ត៌មានពិត និងអាចជឿទុកចិត្តបាន ពីស្ថាប័នសាធារណៈដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ខណៈចំនួននៃព័ត៌មានក្លែងក្លាយមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានបង្កផលវិបាកជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងពិភពលោក។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។

តាមការគួសបញ្ជាក់របស់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានជម្រាបជូនពីការប្តូរឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» មកជា «ក្រសួងអធិការកិច្ច» កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ គឺដើម្បីឆ្លើយតបទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅបន្តការកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្ដោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពសា្ថប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍ-មូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាបន្ន និងសង្គមឌីជីថលជាដើម៕