(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលប្រជុំសាលាស្រុកចន្ទ្រា ដែលមានទំហំ ១៥ម៉ែត្រ គុណ៣០ ម៉ែត្រ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក និងការិយាល័យនានាជុំវិញស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ  ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកអភិបាលខេត្តបានថ្លែងនូវការអបអរសាទរចំពោះអគារសាលប្រជុំថ្មីនេះ នឹងដើរតួនាទីដ៏សំខាន់សម្រាប់បម្រើឱ្យការរៀបចំកិច្ចប្រជុំ ការបណ្ដុះបណ្ដាលផ្ដល់នូវពុទ្ធិ និងកម្មវិធីផ្លូវការផ្សេងៗរបស់រដ្ឋបាលស្រុកបានកាន់តែរលូន ល្អប្រសើរ ប្រកបដោយសោភ័ណភាព ផាសុកភាព ដែលជាកម្លាំងជំរុញមួយរួមចំណែកគាំទ្រដល់ការបំពេញការងារបានកាន់តែជោគជ័យ ជាពិសេសក្នុងបេសកកម្មចម្បងបម្រើសេវាជូនប្រជាពលរដ្ឋ។

លោកបានផ្តាំផ្ញើបន្ថែមនូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១៖ រដ្ឋបាលស្រុកត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាឱ្យដំណើរការការងារក្នុងអង្គភាព ប្រព្រឹត្តទៅដោយរលូន គ្មានកំហុសឆ្គង ឆ្លើយតបទៅនឹងគោលការណ៍រដ្ឋបាលឯកភាព ក្នុងនាមជាប្រតិបត្តិករផ្ដល់សេវាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសេវាផ្សេងៗ ទាំងសេវាសំណូមពរ និងសេវាតម្រូវការជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

២៖ ត្រូវបន្តខិតខំថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរតាមរយៈការជំរុញ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង និងបទល្មើសលួច ឆក់ ប្លន់នៅមូលដ្ឋាន និងពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ពិសេសច្បាប់ចរាចរណ៍ជើងគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

៣៖ សូមឱ្យរដ្ឋបាលស្រុកត្រូវរឹតបន្តឹង ទប់ស្កាត់ និងចាត់វិធានការលើករណីរថយន្តខុសលក្ខណៈបច្ចេកទេសមានស៊ីផ្លេជាចង្វាក់ភ្លេងកុំឱ្យកើតមានក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងនោះត្រូវត្រួតពិនិត្យនៅតាមបណ្ដាយានដ្ឋាន ឬទីតាំងកែច្នៃ ណែនាំឱ្យបញ្ឈប់រាល់ការកែច្នៃស៊ីផ្លេខុសបច្ចេកទេស៕