(កំពង់ស្ពឺ)៖ សមត្ថកិច្ចនគរបាលក្រុងច្បារមន នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានឡោមព័ទ្ធទីតាំងមួយកន្លែងស្ថិតក្នុងភូមិកាប់ទូក ស​ង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមុខសញ្ញាជួញដូរគ្រឿងញៀនស្នាក់ និងលាក់ខ្លួន។

សមត្ថកិច្ចមូលដ្ឋានក្រុងច្បារមន បានឱ្យដឹងថា ករណីឡោមព័ទ្ធខាងលើ ធ្វើឡើងដោយអនុវត្ដតាមបទបញ្ជា​លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដ​កំពង់ស្ពឺ ក្រោយស្រាវជ្រាវ និងឈានដល់កំណត់មុខសញ្ញា។

ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញអធិការក្រុងបានឃាត់ខ្លួនជនសង្ស័យ៤នាក់ រួមមាន៖

*ទី១៖ ឈ្មោះ សុខ ផល្លី ហៅភាច អាយុ៤២ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន
*ទី២៖ ឈ្មោះ ហ៊ឹម សុខហាន អាយុ២៨ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កណ្តោល​ដុំ
*ទី៣៖ ឈ្មោះ អ៉ឹម អូនវង អាយុ៣២ឆ្នាំ នៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ
*ទី៤៖ ឈ្មោះ សាន វិចិត្រ អាយុ៤០ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន។

មន្ត្រីមូលដ្ឋានបញ្ជាក់ថា ក្រោយឃាត់ខ្លួន កម្លាំងជំនាញក៏បានឆែកឆេរ និងដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន២៣កញ្ចប់, ម្សៅម៉ត់ពណ៌សសង្ស័យគ្រឿងញៀន២កញ្ចប់តូច ថ្នាំគ្រាប់ ពណ៌សលាយផ្កា ឈូក១កញ្ចប់ មាន២គ្រាប់, កញ្ចប់ម្សៅផ្លាស្ទិច៤កញ្ចប់, ទូរស័ព្ទដៃចំនួន ៣គ្រឿង, ម៉ូតូហុងដាឌ្រីមសង់ សេ125 ពណ៌ខ្មៅ បិទស្កុត លាយទឹក​ប្រាក់មួយគ្រឿង, ក្រដាសប្រាក់ដុល្លារ និងរៀល​មួយចំនួន។

បច្ចុប្បន្ន​ជនសង្ស័យ កំពុងស្ថិតក្រោមការសួរនាំរបស់មន្ត្រីជំនាញ ​នៃអធិការ​ដ្ឋាន​នគរបាល​ក្រុង​ច្បារមន​ ដើម្បីបន្តនីតិវិធី៕