(ភ្នំពេញ)៖​ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ​ លោក​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យបណ្ឌិត សានតូ ដាម៉ូស៊ូម៉ារតូ (H.E. Dr. Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ជំនួបនារសៀលនេះ បានប្រព្រឹត្តទៅក្រោមបរិយាយកាសរីករាយស្និទ្ធស្នាល ក្នុងគោលបំណងរឹតបន្តឹងកិច្ចសហប្រតិបត្តិការការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ។

តាមរយៈជំនួបនេះលោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធនឹងការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលរួមមានការធ្វើឱ្យប្រសើរឡើងផ្លូវដែក ការអភិវឌ្ឍលើផ្លូវល្បឿនលឿន ការដឹកជញ្ជូនតាមផ្លូវទឹក និងការបណ្តុះបណ្តាលមូលធនមនុស្សក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ។

ជម្រាបទៅកាន់លោកឯកអគ្គរដ្ឋទូត និងសហការីអមដំណើរ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣​ ដែលបើកទូលាយ និងស្វាគមន៍រាល់ការចូលរួមពីគ្រប់ភាគី ក្នុងការវិនិយោគ។

លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ ដោយរំពឹងថានឹងមានជំនួបនាឱកាសក្រោយសារជាថ្មី ដោយនាំមកជាមួយនូវ បណ្តាវិនិយោគិនពីប្រទេសឥណ្ឌូនេស៊ីដែលមានសក្តានុពល ដើម្បីមកជជែកពិភាក្សាផ្លាស់ប្តូរទស្សនៈ សំដៅពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចសហការជាមួយគ្នា៕