(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ លោក Arnaud Sonnet សហស្ថាបនិកនៃប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” និងភាពយន្តឯកសារ “Embarquement” ដែលចាក់បញ្ចាំងលើទូរទស្សន៍ TV5 Monde របស់ប្រទេសបារាំង ដើម្បីពិនិត្យកាលានុវត្តភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

លោក Arnaud Sonnet បានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” ជាប្រព័ន្ធផ្សព្វផ្សាយ online នាំមុខមួយក្នុងតំបន់អ៊ឺរ៉ុប និងពិភពលោក ក្នុងការជំរុញការធ្វើដំណើរ និងទេសចរណ៍ ហើយភាពយន្តឯកសារ “Embarquement” ជាកម្មវិធីទូរទស្សន៍ដ៏មានប្រជាប្រិយភាពលើទូរទស្សន៍ TV5 Monde ដែលផ្តល់នូវការពិព័រណនាយ៉ាងលម្អិតពីវប្បធម៌ ទំនៀមទម្លាប់ និងគោលដៅទេសចរណ៍ដែលមិនសូវមានអ្នកស្គាល់នៅលើពិភពលោកសម្រាប់ទស្សនិកជន។

ដោយកត់សម្គាល់ពីសក្តានុពលនេះ លោករដ្ឋមន្រ្តីនឹងពិនិត្យលទ្ធភាពសហការផ្សព្វផ្សាយគោលដៅទេសចរណ៍អាទិភាពរបស់កម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” និងភាពយន្តឯកសារ “Embarquement”៕